សូមរកផ្លូវវាងផង! មន្ទីរសាធារណការខេត្តកំពង់ចាម នឹងបិទចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានអង្គរបាន ជាបណ្តោះអាសន្ន និងបើកចរាចរណ៍មួយម៉ោងម្តងៗ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា
- September 25, 2024
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន និងបើកចរាចរណ៍មួយម៉ោងម្តងៗ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ដោយស្ពានអង្គរបានបច្ចុប្បន្នទ្រុឌទ្រោមខ្លាំង និងត្រូវធ្វើការជួសជុលឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួសជុល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សូមបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន។ ហើយបើកចរាចរណ៍មួយម៉ោងម្តងៗ (ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ដែលស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត សូមសាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ ធ្វើការបញ្ចៀសចរាចរណ៍ទៅផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ ៧ វិញ ដើម្បីកុំអោយកកស្ទះចរាចរណ៍។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្ត ដើម្បីកុំអោយកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួសជុលស្ពានឡើងវិញ ៕


- Share This Post:






