ទឹកជំនន់នៅថៃ បុរសម្ចាស់កសិដ្ឋានម្នាក់កម្ទេចសត្វក្រពើចោលអស់មួយកសិដ្ឋាន ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិខ្លួន
- BY
- Pheakdey
- September 25, 2024
ថៃ៖ ទឹកជំនន់នៅតែបន្តគំរាមគំហែងតំបន់មួយចំនួននៅក្នុងប្រទេសថៃ បើទោះជាព្យុះភ្លៀងបានថយឥទ្ធិពលអស់ហើយក៏ដោយក្តី។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា សម្ពាធទឹកជំនន់បានបង្ខំឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងសុខចិត្តសម្លាប់សត្វក្រពើដែលមាននៅក្នុងកសិដ្ឋានរបស់គាត់ចោលទាំងអស់តែម្តង ដើម្បីការងារសហគមន៍របស់គាត់។

ប្រភពខាងលើនេះបានបន្តថា ការសម្រេចសម្លាប់សត្វក្រពើនៅក្នុងកសិដ្ឋានចោលទាំងអស់នេះគឺត្រូវបានធ្វើឡើងដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយសត្វក្រពើ ក្នុងករណីដែលទឹកជំនន់បានជន់លិចកសិដ្ឋានទាំងមូល ដែលធ្វើឱ្យសត្វក្រពើអាចនិងរួចចេញពីកសិដ្ឋានទៅតាមទឹកជំនន់បាន។ បើតាមលោក Natthapak ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងស្រុក Muang ខេត្ត Lamphun ភាគខាងជើងនៃប្រទេសថៃបានឱ្យដឹងថា លោកបានសម្រេចសម្លាប់សត្វក្រពើអស់ជាង ១០០ក្បាល ដែលក្រពើខ្លះគាត់បានចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ ខណៈការសម្លាប់សត្វក្រពើចោលទាំងអស់នេះបានធ្វើឱ្យគាត់ត្រូវខាតបង់ប្រាក់អស់ចំនួន ១,៤លានបាត (៤២,៨៤៨ ដុល្លារ) ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






