ឥណ្ឌូនេស៊ីសម្រេចហាមឃាត់ផ្សារ Online របស់ចិនឈ្មោះ Temu ដើម្បីការពារសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងស្រុក
- BY
- Pheakdey
- October 8, 2024
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបិទគេហទំព័រលក់ទំនិញ Temu ដែលជាទីផ្សារលក់ទំនិញ Online ខ្នាតយក្សនិងកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតមួយរបស់ចិន ដើម្បីការពារអាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃអង្គារ ទី៨ ខែតុលា។ គួរកត់សម្គាល់ថា Temu គឺជាផ្សារ Online ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PDD Holdings ហើយផ្សារ Online មួយនេះគឺជាដៃគូអាជីវកម្មជាមួយរោងចក្រជាច្រើននៅក្នុងប្រទេសចិនដោយផ្ទាល់តែម្តង។

ដោយសារតែ Temu គឺជាផ្សារលក់ទំនិញចេញពីរោងចក្រក្នុងប្រទេសចិនដោយផ្ទាល់នោះ គេបានកត់សម្គាល់ឃើញថា ទំនិញគ្រប់មុខនៅក្នុងទីផ្សារមួយនេះមានតម្លៃទាបបំផុត បើធៀបទៅនឹងតម្លៃទំនិញនៅតាមបណ្តាប្រទេសជាច្រើន ហើយព្រោះតែកត្តាតម្លៃដ៏ថោកនេះវាបានជម្រុញឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសមួយចំនួនឈប់ទិញទំនិញផលិតនៅក្នុងស្រុករបស់ខ្លួន និងនាំគ្នាទិញទំនិញពី Temu យ៉ាងគំហុក។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបង្ហាញនូវការព្រួយបារម្ភថា ទំនោរនៃការសម្រុកទិញទំនិញពី Temu ពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួននឹងបំផ្លាញសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកបន្តិចម្តងៗនិងអាចឈានទៅដល់ការបំផ្លាញទ្រង់ទ្រាយធំផងដែរនៅក្នុងរយៈពេលវែង។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ Temu កំពុងមានអតិថិជននៅតាមបណ្តាប្រទេសប្រមាណជា ៥០នៅលើពិភពលោក រួមមានទាំងប្រទេសថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖
- Share This Post:






