ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងកាត់បន្ថយបុគ្គលិក ១៧,០០០នាក់ ក្រោយខាតបង់ប្រាក់អស់ ៥ពាន់លានដុល្លារ
- BY
- Pheakdey
- October 12, 2024
អាមេរិក៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងកាត់បន្ថយបុគ្គលិកចំនួន ១៧,០០០នាក់ ឬស្មើនឹង ១០% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែតុលា។ ទន្ទឹមនឹងបង្ហាញអំពីគម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះ ក្រុមហ៊ុន Boeing ក៏បានប្រកាសពន្យាពេលនៃការដាក់សម្ពោធយន្តហោះជំនាន់ថ្មីប្រភេទ Boeing 777X ទៅឆ្នាំក្រោយផងដែរ។

ប្រភពខាងលើបានបន្តថា ការប្រកាសអំពីផែនការធំៗចំនួន ២ ខាងលើនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយនេះបានខាតបង់អស់ប្រមាណជា ៥ពាន់លានដុល្លារ បើគិតត្រឹមត្រីមាសទី៣ នៅក្នុងឆ្នាំ២០២៤នេះ។ គួររម្លឹកជូនថា បញ្ហាហិរញ្ញវត្ថុដែលក្រុមហ៊ុនផលិតយន្តហោះ Boeing បានជួបប្រទះនៅពេលនេះគឺវាបានបង្កឡើងដោយសារបញ្ហាចម្រូងចម្រាសមួយដែលបានបន្តអូសបន្ថាយអស់រយៈពេលជាច្រើនខែមកហើយ ដែលបញ្ហានោះគឺជាការនាំគ្នាធ្វើបាតុកម្មពីសំណាក់ក្រុមកម្មករនៅតំបន់ West Coast ប្រមាណជា ៣៣,០០០នាក់ ហើយការធ្វើបាតុកម្មនេះក៏បានធ្វើឱ្យក្រុមហ៊ុនត្រូវខកខានផលិតយន្តហោះប្រភេទ Boeing 737 MAX, Boeing 767 និង Boeing777 ជាច្រើនគ្រឿងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






