អន្តរជាតិ

កូរ៉េខាងត្បូងផ្តល់មេដាយកិត្តិយសថ្នាក់ជាតិជូនស្រ្តី ២រូប ដែលម្នាក់ៗបានផ្តល់កំណើតដល់កូនរហូតដល់ ១៣នាក់

BY
Pheakdey
October 14, 2024

កូរ៉េខាងត្បូង៖ ក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសកូរ៉េខាងត្បូងបានផ្តល់មេដាយកិត្តិយសថ្នាក់ជាតិជូនស្រ្តីចំនួន ២រូប ដែលបានផ្តល់កំណើតដល់កូនក្នុងចំនួនដ៏ច្រើនមួយ ពោលគឺពួកគាត់ម្នាក់ៗបានផ្តល់កំណើតដល់កូនរហូតដល់ ១៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី១៣ ខែតុលា។ គួរកត់សម្គាល់ថា នៅកូរ៉េខាងត្បូងការសម្រេចផ្តល់កំណើតឱ្យកូនក្នុងចំនួនដ៏ច្រើនត្រូវបានចាត់ទុកជាសកម្មភាពមួយដែលបានរួមចំណែកជួយសង្គមជាតិ ដ្បិតនាពេលបច្ចុប្បន្ននេះអាត្រាកំណើតនៅក្នុងប្រទេសមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពលរដ្ឋកាន់តែច្រើនឡើងៗផ្តើមមានគំនិតលែងចង់បានកូន ឬយកកូនក្នុងចំនួនតិចតួចបំផុត។

មេដាយ Seongnyu 

នៅក្នុងចំណោមស្រ្តីដែលបានទទួលមេដាយកិត្តិយសថ្នាក់ជាតិទាំង ២រូបនោះរួមមាន ទី១គឺ លោកស្រ្តី Eom Gye-suk បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ ហើយនៅចន្លោះពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០០៧ លោកស្រីបានផ្តល់ដំណើតដល់កូនប្រុសចំនួន ៥នាក់ និងកូនស្រ្តីចំនួន ៨នាក់។ ទី២គឺ លោកស្រី Lee Yeong-mi អាយុ ៥៩ឆ្នាំ បានបង្កើតកូនស្រីប្រុសចំនួន ១៣នាក់ ដែលបច្ចុប្បន្នកូនៗទាំងនោះមានអាយុចន្លោះពី ២៣ឆ្នាំដល់៤៤ឆ្នាំ ហើយនៅក្នុងចំណោមកូនរបស់គាត់ទាំងអស់នោះក៏មានកូនស្រ្តីម្នាក់ជាតារាសម្តែងដ៏ល្បីផងដែរ គឺអ្នកនាង Nam Bo-ra។

ប្រភពខាងលើបានបន្តថា ទាំងលោកស្រី Eom Gye-suk និងលោកស្រី Lee Yeong-mi បានទទួលមេដាយកិត្តិយសថ្នាក់ Seongnyu ដូចគ្នា ហើយមេដាយនេះគឺជាមេដាយថ្នាក់ទី៥ នៃប្រភេទមេដាយ Order of Civil Merit ដែលជាទូទៅមេដាយប្រភេទនេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់ជូនដល់បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពរួមចំណែកជួយសង្គមជាតិឬកសាងសមិទ្ធផលណាមួយក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សង្គម អប់រំនិងការសិក្សាជាដើម៕

តារាសម្តែងស្រី អ្នកនាង Nam Bo-ra

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: