អន្តរជាតិ

ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ មានយន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌាសរុប ១២គ្រឿង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ព្រោះទទួលបានសារគំរាមមួយដូចៗគ្នា

BY
Pheakdey
October 17, 2024

ឥណ្ឌា៖ មានយន្តហោះដឹកអ្នកដំណើររបស់ប្រទេសឥណ្ឌាចំនួន ២គ្រឿងបន្ថែមទៀតបានទទួលសារគំរាមវាយប្រហារដោយគ្រា​ប់បែកនិងបង្ខំឱ្យជើងហោះហើរទាំងនោះត្រូវចុះចតជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា។ នៅក្នុងចំណោមយន្តហោះដឹកអ្នកដំណើរទាំង ២គ្រឿងនោះរួមមាន យន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលមានទិសដៅធ្វើដំណើរចេញពីទីក្រុង Mumbai ទៅកាន់ទីរដ្ឋធានី New Delhi នៃប្រទេសឥណ្ឌា។

ក្រោយទទួលបានសារគំរាមវាយប្រហារដោយគ្រាប់បែកភ្លាម យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo មួយគ្រឿងនេះក៏បានបង្វែរទិសដៅទៅចុះចតនៅក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌាជាបន្ទាន់។ ដោយឡែកយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតក៏ជាជើងហោះហើរក្នុងស្រុកដែរ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Akasa Air មានទិសដៅធ្វើដំណើរចេញពីរដ្ឋធានី New Delhi ឆ្ពោះទៅកាន់ទីក្រុង Bengaluru ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈក្រោយទទួលបានសារគំរាមវាយប្រហារដោយគ្រាប់បែកភ្លាម យន្តហោះមួយគ្រឿងនេះបានបង្ខំចិត្តហោះត្រឡប់មកកាន់ព្រលានយន្តហោះក្នុងរដ្ឋ New Delhi វិញជាបន្ទាន់។

បើតាមលោក Zulfiquar Hasan អគ្គនាយកនៃការិយាល័យសន្តិសុខអាកាសចរណ៍ស៊ីវិលឥណ្ឌាបានបញ្ជាក់ថា គិតក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ មានយន្តហោះដឹកអ្នកដំណើរសរុបចំនួន ១២គ្រឿងហើយ ដែលសុទ្ធតែបានទទួលសារគំរាមដូចគ្នានេះ និងបានសម្រេចធ្វើការចុះចតជាបន្ទាន់ឬបង្វែរទិសដៅនៃការចុះចតជាដើម។ យ៉ាងណាក្តី ក្រោយធ្វើការចុះចតដោយបង្ខំរួចរាល់ហើយ ទើបអាជ្ញាធរឥណ្ឌាបានរកឃើញថាសារគំរាមទាំងអស់នោះគឺសុទ្ធតែជាសារក្លែងក្លាយដែលមានបំណងបង្កភាពភ័យក្លាច ខណៈគម្រោងវាយប្រហារជាក់ស្តែងគឺគ្មាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: