អន្តរជាតិ

ថៃកំពុងពិភាក្សាជាមួយឡាវអំពីគម្រោងលើកលែងទិដ្ឋាការពេលមកដល់តម្លៃ ៣០ដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍អន្តរជាតិ

BY
Pheakdey
October 18, 2024

ថៃ៖ អាជ្ញាធរថៃកំពុងបើកការពិភាក្សាជាមួយសមភាគីឡាវអំពីគម្រោងលើកលែងការបង់ថ្លៃទិដ្ឋការពេលមកដល់រវាងពលរដ្ឋនៃប្រទេសទាំង២ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃសុក្រ ទី១៨ ខែតុលា។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះតម្លៃទិដ្ឋការពេលមកដល់គឺមានតម្លៃ ១,០០០បាត (៣០ ដុ​ល្លារ) ដែលដំណើរត្រូវឆ្លងកាត់ព្រំដែនឡាវ-ថៃទាំងអស់ត្រូវបង់ប្រាក់នេះនៅការិយាល័យត្រួតពិនិត្យតាមចក្រព្រំដែន។

បើតាមលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃបានបញ្ជាក់ថា គោលបំណងនៃការលើកលែងតម្លៃទិដ្ឋាការខាងលើនេះ គឺដើម្បីលើកជំរុញនិងលើកកម្ពស់ការធ្វើដំណើរឆ្លងកាត់ប្រទេសទាំង២ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកកម្សាន្តនៅក្នុងប្រទេសថៃឱ្យបានកាន់តែច្រើនផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ប្រសិនបើគម្រោងលើកលែងតម្លៃទិដ្ឋការទាំងស្រុងមិនអាចធ្វើឡើងបាននោះទេ លោកនឹងមានជម្រើសទី២ សម្រាប់ដាក់ជូនភាគីឡាវបន្ថែមទៀត គឺភាគថៃនឹងប្តូរពីការមិនយកថ្លៃទិដ្ឋាការទៅជាការផ្តល់ជូនប័ណ្ណសម្រាប់ចាយវិញ ពោលគឺអ្នកដំណើរមកពីប្រទេសឡាវទាំងអស់ត្រូវបន្តបង់ថ្លៃទិដ្ឋាការតម្លៃ ១,០០០បាតជាធម្មតា តែក្រោយបង់ប្រាក់នេះរួច ពួកគេនឹងទទួលបានប័ណ្ណដែលមានតម្លៃជាប្រាក់ ១,០០០បាត សម្រាប់យកទៅចាយនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងផ្តល់សេវាកម្សាន្តផ្សេងៗនៅក្នុងប្រទេសថៃបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖Nation Thailand

Share This Post: