ប្រធានាធិបតីអ៊ុយក្រែនអះអាងថា កូរ៉េខាងជើងកំពុងហ្វឹកហាត់ទាហាន ១០,០០០នាក់ ដើម្បីជួយរុស្ស៊ី
- BY
- Pheakdey
- October 18, 2024
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា កូរ៉េខាងជើងកំពុងហ្វឹកហាត់ទាហានចំនួន ១០,០០០នាក់ ដើម្បីជួយប្រទេសរុស្ស៊ីក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៨ ខែតុលា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយរវាងលោក Volodymyr Zelenskyy ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ (NATO) កាលពីពេលថ្មីៗនេះ។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងថា ទាហានទាំង ១០,០០០នាក់នោះគឺបានទទួលការហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែគិតត្រឹមពេលនេះក្រុមទាហានទាំងនោះនៅមិនទាន់បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី ឬទឹកដីអ៊ុយក្រែននៅឡើយទេ។ គួររម្លឹកជូនថា កូរ៉េខាងជើងនិងរស្ស៊ីគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ ខណៈប្រទេសកុម្មុយនីស្តទាំង ២នេះតែងជួយគ្នាទៅវិញទៅមកទាំងក្នុងរូបភាពបើកចំហរនិងលាក់ការសម្ងាត់ផងដែរ។ តួយ៉ាងនាពេលកន្លងមក មានសារព័ត៌មានជាច្រើនបានរាយការណ៍ថា កូរ៉េខាងជើងបានលួចផ្តល់អាវុធយ៉ាងច្រើនជាសម្ងាត់ទៅកាន់រុស្ស៊ីសម្រាប់យកទៅប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






