អន្តរជាតិ

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ កងកម្លាំងពិសេសកូរ៉េខាងជើង ១,៥០០នាក់បានទៅដល់រុស្ស៊ីហើយ ដើម្បីត្រៀមជួយធ្វើសង្គ្រាមជាមួយអ៊ុយក្រែន

BY
Pheakdey
October 19, 2024

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបញ្ជូនទៅកងទ័ពដែលជាកងកម្លាំងពិសេសចំនួន ១,៥០០នាក់ទៅដល់តំបន់ចុងបូព៌ារបស់រុស្ស៊ីហើយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៩ ខែតុលា។ តាមគម្រោងគឺកងកម្លាំងពិសេសកូរ៉េខាងជើងចំនួន ១,៥០០នាក់នេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន សម្របសម្រួលនៅមូលដ្ឋានយោធារុស្ស៊ី និងថែមទាំងអាចយកទៅដាក់ពង្រាយសម្រាប់ការប្រយុទ្ធជាមួយនិងប្រទេសអ៊ុយក្រែនផងដែរ។

ក្រៅតែពីបានបញ្ជូនកងកម្លាំងពិសេសទៅជួយគាំទ្ររុស្ស៊ីហើយ ទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូងក៏បានឱ្យដឹងដែរថា គិតចាប់តាំងពីអំឡុងខែសីហាឆ្នាំមុនរហូតមកទល់នឹងពេលនេះ កូរ៉េខាងជើងបានបញ្ជូនកាំភ្លើងធំ មីស៊ីលផ្លោង និងគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់យ៉ាងច្រើនទៅកាន់រុស្ស៊ីក្នុងចំ​នួនប្រមាណជា ១៣,០០០កុងតឺណឺទៅកាន់រុស្ស៊ីផងដែរ។ ប្រភពខាងបានបន្តទៀតថា បើគិតចាប់តាំងពីពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានកើតឡើងមក ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន បានបញ្ជូនកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាងប្រាំបីលានគ្រាប់ហើយទៅឱ្យរស្ស៊ី ខណៈគ្រឿងសព្វាវុធទាំងនោះត្រូវបានបញ្ជូនទៅតាមនាវាក្នុងទម្រង់មិនបើកចំហរជាសាធារណៈនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: