អន្តរជាតិ

លោក Elon Musk បង្កើតកម្មវិធីផ្តល់ប្រាក់ ១លានដុល្លារក្នុងមួយថ្ងៃរហូតដល់ថ្ងៃបោះឆ្នោតជាតិនៅអាមេរិក ចំពោះក្រុមពលរដ្ឋដែលបានទៅចុះហត្ថលេខាលើញត្តិគាំទ្រឱ្យលោក Donald Trump ត្រលប់ទៅកាន់សេតវិមានវិញ

BY
Pheakdey
October 21, 2024

អាមេរិក៖ លោកមហាសេដ្ឋី Elon Musk បានបង្កើតកម្មវិធីផ្តល់ប្រាក់រង្វាន់រហូតដល់ ១លានដុល្លារក្នុងថ្ងៃចំពោះក្រុមពលរដ្ឋអាមេរិកនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋដ៏សំខាន់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី២១ ខែតុលានេះ។ កម្មវិធីផ្តល់ប្រាក់រង្វាន់ដ៏ច្រើននេះត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់លោក Elon Musk កាលពីចុងសប្តាហ៍មុន និងត្រូវផ្តើមអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។

ប្រភពខាងលើនេះបានបន្តថា កម្មវិធីផ្តល់ប្រាក់រង្វាន់នេះត្រូវបានអនុវត្តដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនដូចជា៖

-អនុវត្តចំពោះតែពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania

-ពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋខាងលើត្រូវទៅចុះហត្ថលេខាគាំទ្រញត្តិមួយដែលបានរៀបចំឡើងដោយក្រុមការងារ AmericaPAC របស់លោក Elon Musk ហើយញត្តិនេះមានខ្លឹមសារគាំទ្រឱ្យលោក Donald Trump ត្រលប់ទៅកាន់សេតវិមានវិញ

-អ្នកឈ្នះរង្វាន់ជាប្រាក់ចំនួន ១លានដុល្លារនឹងត្រូវជ្រើសរើសតាមរយៈការចាប់យកឈ្មោះដោយចៃដន្យ ចេញពីបញ្ជីឈ្មោះពលរដ្ឋដែលបានទៅចុះហត្ថលេខាគាំទ្រញាតិខាងលើ

-ក្នុងមួយថ្ងៃគឺមានអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ ហើយកម្មវិធីនឹងបន្តអនុវត្តតាមលក្ខខណ្ឌខាងលើរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា

សូមបញ្ជាក់ជូនថា លោកមហាសេដ្ឋី Elon Musk គឺជាអ្នកគាំទ្រកម្មវិធីនយោបាយរបស់គណបក្សសាធារណៈរដ្ឋ ដែលមានលោក Donald Trump ជាបេក្ខភាពឈរឈ្មោះប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក។ ការប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីជួយឃោសនាឱ្យគណបក្សសាធារណៈរដ្ឋពីសំណាក់លោក Elon Musk មិនមែនជារឿងថ្មីឡើយ ពោលគឺក្នុងរយៈពេលកន្លងលោកតែផ្តល់ប្រាក់គាំទ្រតាមរយៈរូបភាពផ្សេងៗតាមការចាំបាច់ជាក់ស្តែង ដែលគិតមកទល់នឹងពេលនេះគឺមានទំហំទឹកប្រាក់ប្រមាណជា ៧៥លានដុល្លារហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: