ក្រុមហ៊ុនរុករករ៉ែ BHP ត្រូវប្រឈមនឹងបណ្តឹងទាមទារសំណង ៤៧ពាន់លានដុល្លារ ក្រោយធ្វើឱ្យបាក់ទំនប់ទឹកដ៏សំខាន់មួយនៅប្រេស៊ីល
- BY
- Pheakdey
- October 21, 2024
អង់គ្លេស៖ ក្រុមហ៊ុនរុករករ៉ែដ៏ធំមួយនៅលើពិភពលោកគឺក្រុមហ៊ុន BHP ត្រូវប្រឈមនឹងពាក្យបណ្តឹងទាមទារសំណងក្នុងទំហំទឹកប្រាក់រហូតដល់ ៤៧ពាន់លានដុល្លារ ក្រោយក្រុមហ៊ុនមួយនេះបានធ្វើឱ្យបាក់ទំនប់ទឹកដ៏ធំមួយឈ្មោះ Mariana ក្នុងប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២១ ខែតុលា។ សំណុំរឿងចម្រូងចម្រាសដ៏ធំនេះកំពុងត្រូវបានជំនុំជម្រេះដោយតុលាការកំពូលនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

ប្រភពខាងលើបានបន្តថា ភាគជាដើមបណ្តឹងមានជាច្រើននាក់ដូចជា ពលរដ្ឋប្រេស៊ីលប្រមាណជា ៦០០,០០០នាក់ អាជ្ញាធរប្រេស៊ីលប្រចាំតំបន់ចំនួន ៤៦កន្លែង និងក្រុមហ៊ុនជាង ២,០០០ក្រុមហ៊ុន ដែលសុទ្ធតែជាភាគីបានរងផលប៉ះពាល់ពីការបាក់ទំនប់ទឹកខាងលើនេះ ខណៈផលប៉ះពាល់ទាំងនោះគឺរាប់បញ្ចូលទាំងការប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ ការប៉ះពាល់ដល់ការរស់នៅឬធ្វើអាជីវកម្ម ការបំផ្លាញនូវទ្រព្យសម្បត្តិសាធារណៈនិងឯកជន និងការខាតបង់ប្រាក់ដោយផ្ទាល់ផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងតែពីឆ្នាំ ២០១៥មកម្លេះ ហើយនាពេលកន្លងមក ការប្តឹងផ្តល់តវ៉ាគ្នាក៏បានបន្តកើតមានជាហូរហែដែរ តែភាគីរងគ្រោះនិងភាគីបង្កហេតុហាក់នៅមិនទាន់អាចទទួលយកការសម្របសម្រួលណាមួយបាននៅឡើយទេ ទើបសំណុំរឿងនេះត្រូវបញ្ជូនទៅដល់តុលាការកំពូលរបស់ប្រទេសអង់គ្លេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






