ក្រុមហ៊ុនអាកាសចរណ៍មួយរបស់អាឡឺម៉ង់ ប្រកាសផ្អាកជើងហោះហើរទៅប្រទេសអ៊ីរ៉ង់និងលីបង់ដល់ដើមឆ្នាំក្រោយ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា
- BY
- Pheakdey
- October 23, 2024
អាឡឺម៉ង់៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់ប្រទេសអាឡឺម៉ង់គឺក្រុមហ៊ុន Lufthansa បានប្រកាសបន្តផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីរ៉ង់និងប្រទេសលីបង់រហូតដល់ដើមឆ្នាំក្រោយដោយសារបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៣ ខែតុលា។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមហ៊ុន Lufthansa ធ្លាប់បានប្រកាសពីការផ្អាកជើងហោះហើរនេះម្តងហើយ ដោយពេលនោះក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលកំណត់ទេ។

យ៉ាងណាក្តី នៅក្នុងសេចក្តីប្រកាសលើកទី ២នេះ គឺខាងក្រុមហ៊ុនអាកាសចរណ៍ Lufthansa បានបញ្ជាក់អំពីរយៈជាក់លាក់នៃការផ្អាកដំណើរការជើងហោះហើរដូចខាងក្រោមនេះ៖
១-ជើងហោះហើរចេញពីប្រទេសអាឡឺម៉ង់ទៅកាន់ទីក្រុង Tehran នៃប្រទេសអ៊ីរ៉ង់ នឹងត្រូវផ្អាកដំណើររហូតដល់ទី៣១ ខែមករា ឆ្នាំ២០២៥។
២-ជើងហោះហើរចេញពីប្រទេសអាឡឺម៉ង់ទៅកាន់ទីក្រុង Beirut នៃប្រទេសលីបង់ នឹងត្រូវផ្អាកដំណើរការរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមបញ្ជាក់ជូនថា បញ្ហាជម្លោះដែលជាមូលហេតុចម្បងជំរុញឱ្យមានការផ្អាកជើងហោះហើរខាងលើនេះគឺដោយសារការប្រយុទ្ធគ្នារវាងកងកម្លាំងនៃប្រទេសអ៊ីស្រាអែលជាមួយនិងក្រុមហាម៉ាសប៉ាឡេស្ទីន ហើយថ្មីៗនេះកងកម្លាំងអ៊ីស្រាអែលក៏បន្តបើកការប្រយុទ្ធគ្នាជាមួយក្រុមហេបូឡាលីបង់បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






