តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះត្រូពិច Trami នៅហ្វីលីពីនកើនឡើងដល់ ៤០នាក់ ខណៈអ្នកជម្លៀសខ្លួនកើនជិតដល់ ២០ម៉ឺននាក់
- BY
- Pheakdey
- October 25, 2024
ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១៤នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ត្រូពិច Trami នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel New Asia នៅក្នុងថ្ងៃសុក្រ ទី២៥ ខែតុលា។ ដូចនេះ គិតត្រឹមពេលនេះគឺតួលេខសរុបនៃអ្នកដែលស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Trami នៅហ្វីលីពីនបានកើនឡើងដល់ ៤០នាក់ហើយ។

ក្រៅតែពីមានការកើតឡើងចំពោះតួលេខអ្នកស្លាប់បាត់បង់ជីវិតហើយ តួលេខអ្នកដែលបានជម្លៀសខ្លួនចេញពីផ្ទះទាំងបង្ខំវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺកើនឡើងពីខ្ទង់ ១៥០,០០០នាក់នៅក្នុងថ្ងៃម្សិលមកដល់ចំនួន ១៩៣,០០០នាក់នៅក្នុងថ្ងៃទី២៥នេះ។ គួររម្លឹកជូនថា ព្យុះត្រូពិច Trami ដែលជាព្យុះដ៏មានគ្រោះថ្នាក់មួយ បានធ្វើដំណើរទៅដល់កោះ Luzon ភាគខាងជើងហ្វីលីពីនអស់រយៈពេល ២ថ្ងៃមកហើយ ខណៈឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់ និងបញ្ហាបាក់ដីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel New Asia
- Share This Post:






