អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះត្រូពិច Trami ​បន្តកើនឡើងដល់ ៧៦នាក់ ខណៈពលរដ្ឋមួយចំនួនកំពុងបាត់ខ្លួន

BY
Pheakdey
October 26, 2024

ហ្វីលីពីន៖ គិតត្រឹមថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ កោះ Luzon ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយព្យុះត្រូពិច Trami អស់រយៈពេល ៣ថ្ងៃមកហើយ ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។ ស្របពេលដែរព្យុះនៅតែបន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងបានបញ្ហាបាក់ដីនោះ តួលេខជនរងគ្រោះក៏បន្តកើនឡើងយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។

របាយការណ៍ចុងក្រោយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី ២៥ ខែតុលា តួលេខអ្នកស្លាប់ដោយសារឥទ្ធិពលរបស់ត្រូពិច Trami បានកើនឡើងរហូតដល់ ៧៦នាក់ ខណៈពលរដ្ឋមួយចំនួនកំពុងតែបាត់ខ្លួន។ ជុំវិញករណីមានមនុស្សកំពុងបាត់ខ្លួននេះ អាជ្ញាធរហ្វីលីពីននៅមិនទាន់អាចបញ្ជាក់ពីចំនួនច្បាស់លាស់នៅឡើយទេ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនទាំងនោះហើយ។ គួរបញ្ជាក់ជូនថា​ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនហើយ ឥទ្ធិពលរបស់ព្យុះត្រូពិច Trami ក៏បានបណ្តាលឱ្យពលរដ្ឋប្រមាណជា ២០ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទាំងបង្ខំផងដែរ ដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: