ក្រុមហ៊ុន Apple បានប្រកាសផ្តល់ប្រាក់ ១លានដុល្លារ ចំពោះអ្នកណាដែលមានសមត្ថភាពអាច Hack ចូលប្រព័ន្ធ AI ថ្មីរបស់ខ្លួនបាន
- BY
- Pheakdey
- October 26, 2024
អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារចំពោះអ្នកណា ដែលមានសមត្ថភាពអាចលួចចូល ឬ Hack ចូលក្នុងប្រព័ន្ធ Apple Intelligence (AI) ថ្មីរបស់ខ្លួនបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីយប់ថ្ងៃទី២៥ ខែតុលា។ ការប្រកាសផ្តល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ថា ប្រព័ន្ធ AI ថ្មីមួយ ដែលក្រុមហ៊ុន Apple ទើបដាក់ឱ្យប្រើប្រាស់ពិតជាមានសុវត្ថិភាព ១០០% ពោលគឺគ្មានអ្នកណាម្នាក់អាច Hack ចូលទៅប្រើប្រាស់បានគ្មានការអនុញ្ញាតនោះទេ។
សូមបញ្ជក់ជូនថា ប្រព័ន្ធ Apple Intelligence គឺជាប្រព័ន្ធថ្មីមួយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple បានដាក់ឱ្យប្រើប្រាស់នៅក្នុងទូរស័ព្ទ iPhone 16 ដែលទើបចេញលក់កាលពីដើមខែកញ្ញាកន្លងមកនេះ។ យ៉ាងណាក្តី បើតាមលោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា នៅសប្តាហ៍ក្រោយក្រុមហ៊ុនក៏នឹងបន្តដាក់ប្រព័ន្ធ Apple Intelligence នេះទៅក្នុងទូរស័ព្ទ iPhone 15 Pro និងទូរស័ព្ទ iPhone 15 Pro Max បន្ថែមទៀតផងដែរ ដែលមានន័យថា អតិថិជនដែលបានទិញទូរស័ព្ទ iPhone 15 Pro និងទូរស័ព្ទ iPhone 15 Pro Max ផលិតឡើងចាប់ពីសប្តាហ៍ក្រោយទៅគឺអាចប្រើប្រាស់ប្រព័ន្ធ Apple Intelligence បានដូចគ្នាទៅនឹងអ្នកប្រើប្រាស់ទូរស័ព្ទ iPhone 16 ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






