ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតផលសំបុកទឹកមាត់ត្រចៀកកាំកម្ពុជា រំពឹងថានាំចេញទៅកាន់​ទីផ្សារប្រទេសចិនឆាប់ៗ

    BY Nisaiy KN October 27, 2024
    ផលិតផលសំបុកទឹកមាត់ត្រចៀកកាំកម្ពុជា រំពឹងថានាំចេញទៅកាន់​ទីផ្សារប្រទេសចិនឆាប់ៗ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង នេសាទបានបញ្ជាក់ថា ក្រសួងកំពុងធ្វើការចរចាជាមួយប្រទេសចិនក្នុង​ដំណាក់​សំខាន់​ដើម្បីនាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំទៅទីផ្សារប្រទេសចិន។ការចរចានេះលើបច្ចេកទេស។ មន្រ្តីដដែលរំពឹងថា​កម្ពុជាអាចនាំចេញ​លក់ផលិតផលមួយនេះបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗ។

    ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនៅសប្តាហ៍នេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋា​ភិបាល​ទទួលបន្ទុក​អគ្គនាយកនៃអគ្គ​នាយកដ្ឋានកសិកម្ម​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានឱ្យដឹង​ថា ​ពេលនេះការចរចាដើម្បី​ទិញសំបុកទឹកមាត់​ត្រចៀកកាំក៏ដូចជា​ដំឡូងមី​គឺស្ថិតនៅក្នុងពិធីសារ​បច្ចេក​ទេស។ មានន័យថាស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ពោល​គឺក្រោយពីការចុះពិធីសារ រួចមក​ភាគី​ចិននឹងចុះមកពិនិត្យដល់ទីតាំង ទាំងចម្ការទុរេន ផ្ទះត្រចៀកកាំ និងទីតាំងវេចខ្ចប់។

    ចំណែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់ថា​ប្រទេសចិនក៏បានជំរុញឱ្យពន្លឿនការនាំចូលសំបុក​ត្រចៀក​កាំពីប្រទេសកម្ពុជា។លោករំលឹកថា​ប្រមាណ៣ទៅ៤សប្តាហ៍កន្លង​មកសមាគមត្រចៀកកាំខ្មែរក៏បាន​ចុះអនុស្សរណៈ​នៃ​ការយោគយល់​គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ីរួចមកហើយដែរ។​ដោយឡែកកាលពីសប្តាហ៍មុន​សមាគម​ក៏បាន​ចុះកិច្ចព្រមព្រៀង​ជាមួយវិទ្យាស្ថានស្រាវជ្រាវនៅខេត្តហៃណាម ប្រទេសចិនដើម្បី​សម្របសម្រួល​នាំចេញទៅ​ខេត្តមួយ​នេះ​ដូចគ្នា។

    លោកប្រធានសមាគមត្រចៀកកាំខ្មែរបន្តថា ចំពោះដំណើរការ​ចរចានាំសំបុកទឹកមាត់ត្រចៀកកាំទៅប្រទេស​ចិនទោះស្ថិតនៅ​ក្នុង​ដំណាក់កាលមួយមិនទាន់សម្រេច តែឃើញដំណើរការនេះល្អ ព្រោះខាងប្រទេសចិនគាំទ្រឱ្យមានការនាំចេញឱ្យបានឆាប់ ប៉ុន្តែ​យ៉ាងណាត្រូវធ្វើតាមនីតិវិធីរបស់គេផងដែរ។

    កម្ពុជាបច្ចុប្បន្នមានផ្ទះត្រចៀកកាំស្ទើរគ្រប់ខេត្ត លើកលែងតែមណ្ឌល​គិរី​ដែលមានផ្ទះ​ត្រចៀកកាំត្រឹមតែ២ទៅ៣ខ្នង។បើតាមការប៉ាន់​ស្មាន​ការផលិតសំបុកត្រចៀកកាំរបស់កម្ពុជាប្រមាណ១០០តោនក្នុងមួយឆ្នាំ។

    ទាក់ទិននឹងអាជីវកម្មត្រចៀកកាំនៅកម្ពុជាប្រធានសមាគមត្រចៀកកាំខ្មែរនិយាយថា ប្រព្រឹត្តិទៅល្អប្រសើរ។កសិករខ្មែរ​ដែលពុំ​សូវ​មាន​ពេលវេលាអាចចិញ្ចឹមត្រចៀកកាំបានដោយសារវាពុំសូវការថែទាំច្រើន។ការចំណាយ​សម្រាប់ការចិញ្ចឹមត្រចៀកកាំក៏តិច។ការចិញ្ចឹមត្រចៀកកាំ​ គឺជាមុខរបររកចំណូលបន្ថែម។

    ប៉ុន្តែទោះជាដូចនេះក្តីលោក ស៊ុយ កុកធាន បានរំលឹកថា​ទោះជា​យ៉ាងណាក្តីបើកសិករចង់ចិញ្ចឹមសត្វត្រចៀកកាំ​ត្រូវតែ​ស្វែងយល់ឱ្យ​បានស៊ីជម្រៅ ឬអាចសិក្សាជាមួយសមាគមត្រចៀកកាំបាន ដើម្បីកុំ​ឱ្យប្រឈមនៅពេលក្រោយ។លោកថា ការចិញ្ចឹមត្រចៀក​កាំ​អាចថា​ងាយ​ស្រួលក៏បាន ពិបាកក៏បាន ពីព្រោះថានៅលើពិភពលោក​គឺមាន​ប្រមាណ ៧០-៨០ ភាគរយហើយដែល​បរាជ័យ​ដោយ​សារគិតថា វាងាយតែតាមពិតធ្វើខុសបច្ចេកទេស នាំឱ្យខាតបង់។

    បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជាមានផ្ទះត្រចៀក​កាំច្រើនបំផុតគឺខេត្តកោះកុង ។បច្ចុប្បន្នអ្នកចិញ្ចឹមចាប់ផ្តើម​រីកសាយ​ដល់អ្នករស់នៅតាមបឹងទន្លេសាបដូចជា ខេត្តកំពង់ធំជាដើម។ក្នុងរយៈ១០ឆ្នាំនេះតាមការប៉ាន់​ប្រមាណកំណើន​សត្វត្រចៀកកាំគឺ​កើនឡើងខ្លាំង ។ចំណែកទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជាលេខ១ មិនទាន់កែច្នៃតម្លៃមួយគីឡូក្រាម ៤០០-៤៥០ដុល្លារ និង​សំបុកឆាកា​ជាង៣០០ដុល្លារ។រីឯសំបុកត្រចៀកកាំកែច្នៃរួច​ហើយ ប្រភេទ​លេខ១​តម្លៃ១.២០០ដុល្លារដល់១.៥០០ដុល្លារទៅតាមកម្រិត​គុណភាព​របស់វា៕






    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: