ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ដល់អំណោយម៉ូតូ ថវិកា និងអាហារូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនយុវតីប្រឡងបាននិទ្ទេស A ម្នាក់ដែលមានជីវភាពខ្វះខាត ហើយចង់ក្លាយជាគ្រូបង្រៀនផ្នែកគណិតវិទ្យា
(ព្រៃវែង)៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការបង្ហោះសាររបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ បានឱ្យដឹងថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A មានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដើម្បីបំពេញក្តីស្រមៃប្អូនស្រីដែលចង់ក្លាយជាគ្រូបង្រៀនផ្នែកគណិតវិទ្យាទៀតផង។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ម៉ូតូ ចំនួន ១គ្រឿង ថវិកា ចំនួន ១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនយុវសិស្ស វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលបានប្រឡងជាប់និទ្ទេស A និងមានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដើម្បីបំពេញក្តីស្រមៃប្អូនស្រីដែលចង់ក្លាយជាគ្រូបង្រៀនផ្នែកគណិតវិទ្យាផងដែរ៕







អត្ថបទ៖ និស្ស័យ
ប្រភព៖ អាំង សិរីពិសិដ្ឋ Aing Serey Piseth’s