ចិននឹងត្រូវធ្វើការប្រកួតប្រជែងខ្លាំងក្នុងវិស័យពាណិជ្ជកម្ម សន្តិសុខ និងបច្ចេកវិទ្យា ជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump
- BY
- Pheakdey
- November 7, 2024
ចិន៖ ភ្លាមៗក្រោយសហរដ្ឋអាមេរិកបានរកឃើញបេក្ខភាពប្រធានាធិបតីថ្មីសម្រាប់អាណត្តិឆ្នាំ២០២៤ ប្រទេសចិនបានចេញសេចក្តីថ្លែងការអបអរសារទ និងបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកភាគច្រើន ដែលបានជ្រើសរើសឱ្យលោក Donald Trump ចូលកាត់តំណែងកំពូលមួយនេះ។ យ៉ាងណាក្តី សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋរូបនេះត្រូវបានគេរំពឹងថា នឹងបង្កើតឱ្យមានការប្រែប្រួលកត្តាមួយចំនួននៅក្នុងប្រទេសចិនផងដែរ។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះបានបញ្ជាក់ថា ប្រទេសចិននឹងត្រូវមានការប្រកួតប្រជែងខ្លាំងជាងមុនជាមួយសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅលើពិភពលោក ចំពោះវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខ និងវិស័យបច្ចេកវិទ្យា។ បើទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្តីថ្លែងការរបស់លោកស្រី Mao Ning ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសចិនបានបញ្ជាក់ថា បើទោះស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ក៏ចិននៅតែបន្តអនុវត្តគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយអាមេរិកដដែល ពោលគឺរក្សាទំនាក់ទំនងដូចអ្វីដែលចិននិងអាមេរិកធ្លាប់បានអនុវត្តជាមួយគ្នាក្នុងរយៈពេលកន្លងមក៕

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






