TikTok ទំនងជាអាចរួចផុតពីការហាមឃាត់ ដោយអាជ្ញាធរអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ
- BY
- Pheakdey
- November 13, 2024
ចិន៖ បណ្តាញសង្គមរបស់ចិន TikTok អាចនឹងរួចផុតពីការហាមឃាត់ពីសំណាក់អាជ្ញាធរអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ គួររម្លឹកជូនថា សហរដ្ឋអាមេរិកកាលពីអាណត្តិដឹកនាំរបស់លោក ចូ បៃឌិន បានធ្វើសេចក្តីព្រាងច្បាប់ដ៏តឹងរឹងមួយដែលអាចឈានបិទបណ្តាញសង្គម TikTok ទាំងស្រុងនៅអាមេរិក ខណៈតាមគម្រោងគឺច្បាប់នេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។

យ៉ាងណាក្តី ពលរដ្ឋអាមេរិករាប់លាននាក់ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មទាំងក្នុងគោលបំណងសម្រាប់ជាការកម្សាន្ត និងដើម្បីផ្សព្វផ្សាយលក់ផលិតផលផងនោះ បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះវិធានការរបស់រដ្ឋាភិបាល រហូតពួកគេបាននាំគ្នាធ្វើការតវ៉ាឱ្យរដ្ឋាភិបាលអាមេរិកលុបចោលច្បាប់នេះវិញទៀតផង។ នៅចំពោះមុខភាពចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ កាលពីក្នុងអំឡុងពេលឃោសនារកសន្លឹកឆ្នោតធ្លាប់បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក លោកនឹងស្វែងរកគ្រប់វិធីដើម្បីជួយសង្គ្រោះបណ្តាញសង្គម TikTok ពីការហាមឃាត់ ហើយកាលពីពេលថ្មីនេះក្រុមការងាររបស់លោក ដូណាល់ ត្រាំ បានចេញមកបញ្ជាក់ជាថ្មីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើតាមអ្វីដែលលោកធ្លាប់បានសន្យាក្នុងពេលឃោសនាបោះឆ្នោត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






