ជើងហោះហើរទៅកាន់-ចាក់ចេញពីកោះបាលីជាច្រើនត្រូវបានលុបចោលជាបន្ទាន់ ដោយសារភ្នំភ្លើងធំមួយបានផ្ទុះនៅប៉ែកខាងត្បូងឥណ្ឌូនេស៊ី
- BY
- Pheakdey
- November 13, 2024
ឥណ្ឌូនេស៊ី៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានលុបចោលជាបន្ទាន់ដោយសារបញ្ហាផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ ភ្នំភ្លើងដែលបានផ្ទុះនោះមានឈ្មោះថា Lewotobi មានទីតាំងស្ថិតនៅក្នុងខេត្ត East Nusa Tenggara តំបន់ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា ជើងហោះហើរដែលត្រូវបានលុបចោលជាបន្ទាន់នោះរួមមាន ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី និងសិង្ហបុរី ខណៈជើងហោះហើរដែលត្រូវបានលុបចោលទាំងអស់នោះគឺសុទ្ធជាជើងហោះហើរ ដែលមានទិសដៅត្រូវចុះចតនិងចាកចេញពីកោះបាលី ដែលជាតំបន់រមណីយដ្ឋានដ៏ប្រណិតមួយសម្រាប់ក្រុមអ្នកដំណើរនៅជុំវិញពិភពលោក។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុផលដែលជម្រុញឱ្យមានការលុបចោលជើងហោះហើរខាងលើនេះគឺដោយសារក្រោយពេលដែលភ្នំភ្លើងបានផ្ទុះគឺវាបានបង្កឱ្យមានផ្សែងពុលយ៉ាងក្រាសភាយទៅក្នុងបរិយាកាស ដែលធ្វើឱ្យយន្តហោះមិនអាចបើកឆ្លងកាត់បាននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






