ភ្ញៀវទេសចរអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិតដោយសារពុលស្រានៅឡាវ ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនឡើងដល់ ៦នាក់
- BY
- Pheakdey
- November 23, 2024
ឡាវ៖ មានអ្នកដំណើរជនជាតិអូស្រ្តាលីម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះតួលេខភ្ញៀវទេសចរអន្តរជាតិដែលបានស្លាប់ដោយការពុលស្រានៅក្នុងប្រទេសឡាវបានកើនឡើងរហូតដល់ចំនួន ៦នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទី ៦នេះ គឺជាមិត្តភក្តិជិតស្និតរបស់យុវតីអូស្រ្តាលីម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារហេតុផលដូចគ្នានេះកាលពីថ្ងៃពុធកន្លងទៅ និងជាករណីស្លាប់ទី ៤ ផងដែរ។ ជុំវិញករណីមានពលរដ្ឋខ្លួនពុលស្រាស្លាប់ជាបន្តបន្ទាប់នេះ ក្រសួងការបរទេសទូតអូស្រ្តាលីបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានអះអាងថា សោកនាដកម្មនេះនឹងស្ថិតនៅក្នុងការចងចាំរបស់ពលរដ្ឋអូស្រ្តាលីគ្រប់រូបផងដែរ។ សូមបញ្ជាក់ជូនថា ករណីពុលស្រាខាងលើនេះ បានកើតឡើងដោយសារក្រុមជនរងគ្រោះបានទទួលទានស្រាក្លែងក្លាយក្នុងអំឡុងពួកគេទៅដើរកម្សាន្តនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ខណៈនៅក្នុងស្រាទាំងនោះ មានផ្ទុកទៅដោយជាមេតាណុលយ៉ាងច្រើន ដែលធ្វើអ្នកផឹកត្រូវក្អួតចង្អោរ ខួរក្បាលឡើងហើមរហូតដាច់សរសៃឈាមស្លាប់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






