នោះ! ការសាកថ្ម iPhone ដោយប្រើប្រាស់មុខងារ Wireless charge អាចនឹងប៉ះពាល់ដល់គុណភាពថ្ម
- March 15, 2018
នៅពេលដែលក្រុមហ៊ុន Apple សម្រេចប្រកាសទាក់ទងទៅនឹង iPhone ជំនាន់ថ្មីរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុនក៏បានបង្ហាញទាក់ទងទៅនឹងគុណភាព លក្ខណៈពិសេស និងមុខងារថ្មីៗ អស្ចារ្យដល់អតិថិជនខ្លួនដែរ។ ដោយឡែក មួយក្នុងចំណោមមុខងារថ្មីទាំងឡាយ ដែលបានបំពាក់លើ iPhone កំពូលគឺបច្ចេកវិទ្យាសាកថ្មឥតខ្សែ Qi Wireless charge។

ស្របពេលជាមួយនឹងឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple ផ្ទាល់ដែលមានឈ្មោះថា AirPower នឹងត្រូវបានចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា Qi ក៏នឹងត្រូវបានប្រើប្រាស់ដែរ។ មួយវិញទៀត មនុស្សជាច្រើនយល់ឃើញថា ឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple នេះ នឹងល្អជាងរបស់ក្រុមហ៊ុន Samsung ទៅទៀត។ ប៉ុន្ដែ ការពិតយ៉ាងណា យើងនៅមិនទាន់ដឹងឡើយ។
យោងតាមក្រុមហ៊ុន Apple រាល់ថាមពលថ្មរបស់ iPhone ទាំងអស់ ត្រូវបានរចនាឡើងដោយរក្សាទុក 80% គឺជាទំហំផ្ទុក ហើយមានសុពលភាពបាន 500 ដងវឹលជុំ។ ដូចនេះ អ្នកប្រើប្រាស់ជាច្រើនបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងទៅនឹងថាមពលថ្មរបស់ iPhone ពួកគេថា គុណភាពនៃថាមពលថ្មគឺអាស្រ័យទៅលើការប្រើប្រាស់ និងការសាកថ្មផងដែរ។
កាលពីខែមករា កន្លងទៅនេះ គេហទំព័រ ZDNet របស់លោក Adrian Kingsley បានលើកឡើងថា ការសាកថ្មដោយប្រើប្រាស់មុខងារ Wireless charge បានផ្ដល់ផលប៉ះពាល់ដល់គុណភាពថ្មរបស់គាត់ ហើយត្រឹមរយៈពេល 4ខែសោះ វដ្ដនៃការសាកថ្ម iPhone នោះគឺរហូតដល់ទៅ 90ដងបាត់ទៅហើយ។ 6សប្ដាហ៍កន្លងមកទៀត ការសាកថ្មវឹលជុំឡើងដល់ 135ដង។
គួរបញ្ជាក់ផងដែរថា ប្រសិនបើគាត់នៅតែបន្ដប្រើប្រាស់មុខងារសាកថ្មឥតខ្សែនេះទៀត 18ខែក្រោយមក ការសាកថ្មវឹលជុំនឹងឡើងដល់ 450ដង ពោលគឺជិត 500ដងទៅហើយ ត្រឹម 2ខែទៀតប៉ុណ្ណោះ។ ដូចនេះ ការសាកថ្មដោយប្រើបច្ចេកវិទ្យានេះ គឺមិនល្អសម្រាប់គុណភាពថ្មឡើយ។
ប្រភព៖ idropnews
- Share This Post:








