ក្រសួងធនធានទឹក ជូនដំណឹង នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពអាកាសធាតុ និងអាកាសធាតុនៅក្នុងតំបន់ និងនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបដែលកំពុងកើតមាន និងគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ហើយក៏ធ្វើឱ្យមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖
១.តំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ៣០%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ២០%។ ដោយឡែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែលប្រែប្រួលយ៉ាងឆាប់រហ័សនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងរលកសមុទ្រខ្ពស់ៗ៕


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology