អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្របួចចាប់បានធីម CK កាហ្វេកុងមួយក្រុម ពាក់ព័ន្ធលើករណីហិ-ង្សាដោយចេតនា
យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹង កាលពីថ្ងៃទី ២ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ថា ក្មេងទំនើងចំនួន ០៤នាក់ ឈ្មោះក្រុម CK ហៅកាត់ (កាហ្វេកុង) ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាត្រូវបានក្របួចចាំជាប់មួយសំបុកហើយ។

ដោយ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការ រវាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្នាក់ដឹកនាំទាំងពីរអង្គភាពបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្មេងទំនើងចំនួន០៤នាក់ រហ័សនាមក្រុម CK (កាហ្វេកុង) ពាក់ព័ន្ធករណីហិង្សាចេតនា (បង្កឡើងដោយក្មេងទំនើង) កាលពីយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៣:៣០នាទីរំលងអាធ្រាត នៅចំណុច ផ្លូវកោងផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យ១២នាក់ ជិះម៉ូតូ៦គ្រឿង បាននាំគ្នាប្រដេញជនរងគ្រោះ ប្រដាប់ដោយ ដា•វ កាបិតបុ័ងតោ ដុំឥដ្ឋ រហូតដល់ចំណុចកើតហេតុ ជនរងគ្រោះបានផ្តួលម៉ូតូចោលរត់អោយគេជួយ ចំណែកក្រុមជនសង្ស័យបាននាំគ្នាកាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលអោយខូចខាត។

លុះមកដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមនឹងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ដើម្បីអនុវត្តន៍នីតិវិធី។ បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តអនុវត្តន៍នីតិវិធី៕



ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ