ជូនដំណឹង! ស្អែកនេះ នឹងមានការបញ្ចៀសចរាចរ ព្រមទាំងផ្អាកកំពង់ចម្លងជ្រោយចង្វារ និងកំពង់ចម្លងអរិយក្សត្រ ជាបណ្តោះអាសន្ន
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ជាបណ្តោះអាសន្នផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣០នាទី គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹង រៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) និងផ្អាកកំពង់ចម្លង ជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូត ដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងកំពង់ចម្លងខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕



ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ