ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវ និងឃាត់ខ្លួន ក្មេងទំនើង ៤នាក់ លើករណីថតវីដេអូ បង្ហោះកាន់កាំ-បិត និងបង្កហឹ-ង្សានៅទឹកដីស្រុកភ្នំស្រួច
(ខេត្ដកំពង់ស្ពឺ)៖ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យកំលាំងជំនាញស្រាវជ្រាវករណីក្មេងទំនើងថតរូបបង្ហោះកាំបិតបន្ទូស និងបង្កហឹង្សាអាណាធិបតេយ្យនៅទឹកដីស្រុកភ្នំស្រួចកន្លងមក។

ក្រោយទទួលបានបទបញ្ជាពី លោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យកំលាំងជំនាញធ្វើការស្រាវជ្រាវ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឲ្យកំលាំងមូលដ្ឋានបេីកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្មេងទំនើងកាន់កាំបិតផ្គាក់ដេញកាប់គ្នា និងកាន់កាំបិតបន្ទូស ថតបង្អួតរាំលេងបង្ហោះចែកចាយតាមរយៈបណ្ដាញសង្គម Tik Tok។
ជាក់ស្ដែងនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០នាទី នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ឃុំក្រាំងដីវ៉ាយ សមត្ថកិច្ចឃាត់មុខសញ្ញាបានចំនួន ០៤នាក់៖
១-ឈ្មោះ ឈន ចាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ អនីតិជន មានទីលំនៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ជាអ្នកកាន់កាំបិតផ្គាក់)។
២-ឈ្មោះ សាវ រតនា ភេទប្រុស អាយុ១៦ឆ្នាំ អនីតិជនមានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ(កាន់កាំបិតបន្ទូស ថតបង្អួតរាំ) ។
៣-ឈ្មោះ រ៉ុន ចំរើន (ហៅគីល) ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ។
៤-ឈ្មោះ ឈឿន រដ្ឋណាក់ ភេទប្រុស អាយុ ១៥ឆ្នាំ អនីតិជន មានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ចំពោះក្មេងទំនើងដែលជាបក្ខពួកហើយបានគេចខ្លួនមានដូចជា៖
-ឈ្មោះ ល វិ ស ភេទប្រុស
-ឈ្មោះ ធ រ ភេទប្រុស
-ឈ្មោះ ប ព ភេទប្រុស
សមត្ថកិច្ចធ្វើការដកហូតបានកាំបិតផ្គាក់ ០១ដើម និងទូរស័ព្ទដៃ ០២គ្រឿង រីឯបក្ខពួកសហការស្រាវជ្រាវស្វែងរកដើម្បីចំណាត់ការនីតិវិធីបន្ដ។ បច្ចុប្បន្នកំលាំងនគរបាលបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕


