ដំណឹងល្អសម្រាប់និស្សិតខ្មែរ៖ ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ ២០២៥-២០២៦
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍នេះពីមុន មានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF)។ កម្មវិធីអាហារូបករណ៍នេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ការទទួលពាក្យនឹងបញ្ចប់ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាក្នុងសប្ដាហ៍នេះបានឱ្យថាអាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។កាលពីឆ្នាំសិក្សា ២០២៤-២០២៥ និស្សិតកម្ពុជា ៥៦នាក់ បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះមានការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។
និសិ្សតកម្ពុជាជាង ១៧០នាក់ កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence, អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញជំនាញជាន់ខ្ពស់(DFMS/DFMSA)។ តាំងពីឆ្នាំ ២០១៤ មក និស្សិតកម្ពុជាជាង ១២០០នាក់ បានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសបារាំង។ នេះបើតាមស្ថានទូតបារាំងបញ្ជាក់។

ទន្ទឹមគ្នានេះស្ថានទូតបារាំងសូមលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង ដើម្បីពង្រឹងចំណេះដឹង និងមានឱកាសការងារច្រើន។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗនឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣-២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បានចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក។
ស្ថានទូតបារាំងបញ្ជាក់ថា កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ គឺថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់ត្រូវទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Camboges ។ ចំពោះរាល់ចម្ងល់ទាំងអស់ទាក់ទងនឹងការសិក្សានៅប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Camboges ដែលជាទីភ្នាក់ងារបារាំងសម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង។
ចំពោះព័ត៌មានបន្ថែមអាចទាក់ទនទៅកាន់ សម្រាប់ការទំនាក់ទំនង៖ Campus France Camboges ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្ទះលេខ១៨ ផ្លូវ១៨៤ ភ្នំពេញ ឬទូរស័ព្ទ : 076 268 8782 ៕

ប្រភព៖ ក្រសួងព័ត៌មាន