ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ប្រកាសទិញស្រូវ OM ពីកសិករ ដែលកំពុងបាត់បង់ទីផ្សារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមករា នេះ ក្រុមហ៊ុននេះបានយកឡានទៅដល់ស្រែរបស់កសិករដើម្បីប្រមូលទិញស្រូវ OM ពីកសិករក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង ១គីឡូក្រាមអាស្រ័យលើទីតាំង ខណៈកសិករទុកស្រូវទុំហើយសើមនៅក្នុងស្រែយូរប្រឈមនឹងការខូចគុណភាព ដូចជាដុះ និងគ្រាប់អង្ករឡើងពណ៌លឿងជាដើម ។

លោកស្រីបានអោយដឹងថា ការប្រមូលទិញស្រូវដល់ទីតាំងស្រែនេះ ធ្វើឡើងទៅតាមទុន សមត្ថភាពឡសំងួត និងឃ្លាំង គឺដើម្បីសំងួត និងស្តុកទុកតែប៉ុណ្ណោះ ដោយរង់ចាំមើលទីផ្សារបញ្ចេញទៅតាមក្រោយ។យ៉ាងណាក៏ដោយក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia គ្រោងទិញស្រូវស្តុកទុកនៅពេលនេះខ្ទង់១២០០០តោន។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថា រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធកំពុងដើរទិញស្រូវប្រភេទOM នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង ដោយប្រមូលទិញស្រូវសើមក្នុង ១គីឡូក្រាមចន្លោះពី ៧៦០ដល់៨៣០រៀល។

សូមបញ្ជាក់ថា ស្រូវប្រាំងប្រភេទOMនៅឆ្នាំនេះបានជួបវិបត្តិទីផ្សារ ដោយសារឈ្មួញវៀតណាមឈប់ឡើងមកទិញ ធ្វើអោយតម្លៃស្រូវធ្លាក់ចុះ។
លោកស្រី ឃី មុន្នី បានរំលឹកអោយដឹងថា ស្រូវប្រភេទ OMដែលពូជនាំចូលពីប្រទេសវៀតណាមនេះ ធ្វើបាន១ឆ្នាំ២ដង ដោយផ្តល់ទិន្នផលខ្ពស់ ហើយមានទីផ្សារខ្ពស់កាលពីឆ្នាំ ២០២៣ និង ២០២៤ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាដែលមានចំណែក៣០ភាគរយនៃទីផ្សារអង្ករអន្តរជាតិ បានបិទការនាំចេញអង្ករ ធ្វើអោយប្រទេសវៀតណាមមានឱកាសបានឡើងមកទិញពីកម្ពុជាដើម្បីយកទៅលក់បន្តបំពេញទីផ្សារជំនួសឥណ្ឌា។ ប៉ុន្តែនៅឆ្នាំ ២០២៥ នេះ ស្រាប់តែរដ្ឋាភិបាលឥណ្ឌាបានបើកចំហរអោយនាំចេញអង្ករវិញ ធ្វើអោយវៀតណាមក៏ឈប់ឡើងមកទិញពីខ្មែរដែរ។
បើតាមលោកស្រី ឃី មុន្នី បានអោយដឹងថាតម្លៃស្រូវOMកាលពីអំឡុងឆ្នាំ ២០២៣ និង២០២៤ មានតម្លៃរហូតដល់ទៅ ១៣០០រៀលក្នុង ១គីឡូក្រាម។
លោកស្រី ឃី មុន្នី បានបញ្ជាក់ថា ក្រោយពីបានទិញស្រូវOMពេលនេះស្តុកទុកអស់ហើយ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia នឹងសំឡឹងរកមើលទីផ្សារនាំចេញឆ្ពោះទៅបណ្តាប្រទេសដែលមានកម្រិតជីវភាពមធ្យមៗដោយអង្ករនេះធូរថ្លៃ និង មុខព្រួញសម្រាប់ទីផ្សារដែលគេទិញយកទៅធ្វើជាម៉្សៅអង្ករសម្រាប់ផលិតជាសរសៃរគុយទាវជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន