ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញប្លង់គំរូ នៃគម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរ ២៧០០ម៉ែត្រ ក្នុងខេត្តកែប និងគម្រោងលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ក្នុងខេត្តព្រះសីហនុ

    BY Nisaiy KN January 19, 2025
    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញប្លង់គំរូ នៃគម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរ ២៧០០ម៉ែត្រ ក្នុងខេត្តកែប និងគម្រោងលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ក្នុងខេត្តព្រះសីហនុ

    នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញប្លង់គំរូ នៃគម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរ ២៧០០ម៉ែត្រ ក្នុងខេត្តកែប និងគម្រោងលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ក្នុងខេត្តខេត្តព្រះសីហនុ។

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។ គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

    ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

    បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
    គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។

    គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប សូមថ្លែងអំណរគុណ​ដល់វិស័យឯកជន ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានប្តេជ្ញាចិត្ត​ក្នុងការចូលរួមក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់ផលប្រយោជន៍​សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពឆ្នេរ៕


    ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    Share This Post: