គម្រោងស្ថាបនាផ្លូវជាតិលេខ១០ នឹងបញ្ចប់នាខែមិថុនា ខណៈស្ពានខ្ពស់ជាងគេគ្រោងដាក់ប្រើប្រាស់សាកល្បងនាចុងខែមីនាឆ្នាំនេះ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងគិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦ភាគរយហើយ។

លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ការងារផ្លូវថ្នល់, ការងារស្ពានក្នុងនេះការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៩៣ភាគរយហើយ នឹងគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ ២០២៥ ខាងមុខ។
ប្រភពដដែលបន្តថា ដោយឡែកបច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។បច្ចុប្បន្នការដ្ឋានកំណាត់ផ្លូវលេខ១០កំពុងតែជំរុញយ៉ាងមមាញឹកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។
សូមជម្រាបថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ៕




ប្រភព៖ ក្រសួងព័ត៌មាន