ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ មិនដកដៃក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងឡើយ ដោយនឹងបញ្ជាកម្លាំងជំនាញបន្ដពង្រឹងវិធានការម៉ឺងមាត់ រួមជាមួយការផ្សព្វផ្សាយអប់រំ

    BY soknita January 21, 2025
    ស្នងការនគរបាលរាជធានីភ្នំពេញ មិនដកដៃក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងឡើយ ដោយនឹងបញ្ជាកម្លាំងជំនាញបន្ដពង្រឹងវិធានការម៉ឺងមាត់ រួមជាមួយការផ្សព្វផ្សាយអប់រំ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃតី ២១ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ មិនដកដៃក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងឡើយ ដោយនឹងបញ្ជាកម្លាំងជំនាញបន្ដពង្រឹងវិធានការម៉ឺងមាត់ រួមជាមួយការផ្សព្វផ្សាយអប់រំ។

    តាមការបញ្ជាក់របស់ អគ្គស្នងការរងនគរបាលជាតិ បន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការបន្ដអនុវត្តនូវបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ក្រាបករណីក្មេងទំនើង ដែលនៅតែគឃ្លើនមិន ហើយប្រព្រឹត្តអំពើល្មើសច្បាប់។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២៥ នេះ លោកបានដាក់បទបញ្ជា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបន្ដប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះដោយមិនដកដៃឡើយ ព្រោះសមត្ថកិច្ចមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមក្មេងទំនើងនេះ បន្ដប្រព្រឹត្តសកម្មភាពល្មើសច្បាប់កាប់ចាក់ បង្កហិង្សា និងឈានទៅប្រព្រឹត្តអំពើមនុស្សឃាតជាដើម។

    ក្នុងកិច្ចសម្ភាសនៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា យន្ដការថ្មីដែលលោកបានដាក់ចេញ គឺបង្កើតក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង មានស្នងការរងទទួលផែនព្រហ្មទណ្ឌជាប្រធាន ហើយលោកតាមដានដឹកនាំបញ្ជាផ្ទាល់ជាប្រចាំ។ លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំឲ្យសមត្ថកិច្ច ត្រូវចុះរដ្ឋបាលជំនាញតាមមូលដ្ឋាន ក្នុងករណីសង្ស័យគឺត្រូវតែចាត់វិធានការភ្លាមៗ ទោះក្រុមក្មេងទំនើងនោះមិនទាន់ប្រព្រឹត្តសកម្មភាពក៏ដោយ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឲ្យដឹងថា ក្នុងរយៈពេល ២០ថ្ងៃ នៃខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបករណីក្មេងទំនើង ចំនួន៩ករណី ឃាត់ខ្លួនមនុស្ស៣៨នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន ក្មេងទំនើងដែលបានធ្វើសកម្មភាពប្លន់១ករណី មនុស្ស៨នាក់, ក្មេងទំនើងបង្កហិង្សាដោយចេតនា ៧ករណី មនុស្ស២១នាក់ និងក្មេងទំនើងកាប់បំផ្លាញម៉ូតូ ១ករណី មនុស្ស៥នាក់។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា យន្ដការចេញដែលឯកឧត្តមបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង ក្នុងនោះរួមមាន ទី១៖ យន្ដការផ្សព្វផ្សាយអប់រំ, ទី២៖ យន្ដការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបករណីសេសសល់ និងទី៣៖ យន្ដការរឹតបន្ដឹង និងអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបង្ហាញនូវការយល់ឃើញថា មូលហេតុចម្បងចំនួន៣ ដែលនាំឲ្យក្រុមយុវជនទាំងនោះ ដើរផ្លូវខុសច ទី១៖ ភ្លើតភ្លើនតាមគ្នា, ទី២៖ ខ្វះការអប់រំ, ទី៣៖ ធ្វេសប្រហែសរបស់អាណាព្យាបាល។

    ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើសុំកិច្ចសហការជាមួយឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ដើម្បីឲ្យជួយផ្ដល់ព័ត៌មាន ឬរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងករណីមានសង្ស័យណាមួយពាក់ព័ន្ធសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អះអាងថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

    ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕

    ប្រភព៖ អគ្គស្នងការរងនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay