សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ពាក់ព័ន្ធករណីហិ-ង្សា នៅមុខស្ថានីយ៍ចាក់ប្រេងសាំងមួយកន្លែង នៅបឹងកក់ទី២ ខណ្ឌទួលគោក
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ពាក់ព័ន្ធករណីហិង្សា នៅមុខស្ថានីយ៍ចាក់ប្រេងសាំងមួយកន្លែង នៅបឹងកក់ទី២ ខណ្ឌទួលគោក។

តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា វេលាម៉ោងប្រហែល ២០:៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌសម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចលើផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើសនៅចំណុចមុខស្ថានីយ៏ចាក់ប្រេងសាំងPTT ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ យឹម បញ្ញារាជសីហ៍ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនក្រុមហ៊ុន ស្នាក់នៅផ្ទះពុំចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
២-ឈ្មោះ រ៉ូន រ៉ូណាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះពុំចាំលេខ សង្កាត់ស្នោរ ខណ្ឌកំបូល។
៣-ឈ្មោះ សៀងហយ សុភត្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
៤-ឈ្មោះ សែន សុខសាន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងឡនំបុ័ង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ចំពោះវត្ថុតាងបានដកហួតមានដូចជា មួកការពារសុវត្ថិភាពចំនួន០៣, ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-4160។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ