ខ្សែផ្លូវជាតិឆ្លងកាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក សម្រេចវឌ្ឍនភាពសាងសង់បាន ៦៩,៤០ ភាគរយហើយ
(ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹងជញ្ជូន នៅរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣(NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០ ភាគរយហើយ។ តាមផែនការគម្រោងគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។
គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC, ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ, ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈ បរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕



ប្រភព៖ ក្រសួងសាធារណការ និងដឹងជញ្ជូន