ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកទឹកឈូ បានចេញប្រកាសព័ត៌មានបំភ្លឺជូនសាធារណ:ជន ករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ

    BY Nisaiy KN February 2, 2025
    រដ្ឋបាលស្រុកទឹកឈូ បានចេញប្រកាសព័ត៌មានបំភ្លឺជូនសាធារណ:ជន ករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកទឹកឈូ បានចេញប្រកាសព័ត៌មានបំភ្លឺជូនសាធារណ:ជនបានជ្រាប ពាក់ព័ន្ធការបង្ហោះព័ត៌មានរបស់ហ្វេសបុកផេក (C Plus) ករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥។

    រដ្ឋបាលទឹកឈូ សូមគោរពជម្រាបជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណៈជន ទាំងអស់មេត្ដាជ្រាបថា៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈហ្វេសបុកផេក (C Plus) ដែលបានបង្ហោះព័ត៌មានពាក់ព័ន្ធការបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ (នៅទីតាំងរមណីយដ្ឋានទឹកឈូ) ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រួចមកក្រុមការងាររដ្ឋបាលស្រុក ឃុំ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាកាកសំណល់រាវ ពិតជាបានហៀរចេញពីអាហារដ្ឋាន ម៉ាក់ឈូឈូ ហើយម្ចាស់ក៏បានលបលួចបង្ហូរទឹកកាកសំណល់រាវទាំងនោះ ចូលទៅក្នុងព្រែកទឹកឈូពិតប្រាកដមែន។

    ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយម្ចាស់អាហារដ្ឋានខាងលើ និងណែនាំទៅម្ចាស់អាហារដ្ឋាននោះត្រូវបញ្ឈប់ជាបន្ទាន់ចំពោះករណីបង្ហូរទឹកកខ្វក់ខាងលើនេះ ប្រសិនបើមានករណីនេះបន្ដទៀត ម្ចាស់ទីតាំងនិងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក្រុមការងារក៏បានចុះពិនិត្យទីតាំងអាហារដ្ឋាននៅក្បែរៗនោះទាំងអស់ពុំឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកនោះទេ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបអាងចម្រោះ ឬធុងសិបទិក តាមលក្ខណៈបច្ចេទេស ឱ្យបានឆាប់រហ័ស កុំឱ្យហៀរដូចករណីខាងលើ។

    ជុំវិញបញ្ហាខាងលើ រដ្ឋបាលស្រុកទឹកឈូ សូមថ្លែងអំណរគុណដល់ម្ចាស់ហ្វេសបុកផេក (C Plus) ដែលបានជូនដំណឹង ដល់យើងខ្ញុំជាអាជ្ញាធរ បានចុះពិនិត្យ និងទប់ស្កាត់បានទាន់ពេលវេលា៕






    ប្រភព៖ រដ្ឋបាលស្រុកទឹកឈូ

    Share This Post: