ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខេត្តក្រចេះ ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ពេលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបន្តសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។

ការអំពាវនាវរបស់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
តាមឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា តាមការរំពឹងទុក ស្រូវរបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់នឹងត្រូវទទួលផលនៅអំឡុងដើមខែមីនា ខាងមុខនេះ។
សូមបញ្ជាក់ជូនថា ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងសម្រួលដល់ការលំដាក់ធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនជាច្រើនគ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម ២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹក និងស្កក។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តក្រចេះ ផ្ទៃដីស្រែប្រជាពលរដ្ឋជិត ៦០០ ហិកតាត្រូវប្រឈមមុខនឹងការខ្វះទឹក។ ប៉ុន្តែចាប់តាំងពី ពាក់កណ្តាលខែមករាមក រដ្ឋបាលខេត្តក្រចេះរួមជាមួយមន្ទីរជំនាញ ដោយមានការចូលរួមគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា បានខិតខំដោះស្រាយអន្តរាគមន៍បូមទឹកពីប្រភពទន្លេមេគង្គដើម្បីដាក់ស្រែបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ ស្រូវទាំងជិត ៦០០ ហិកតានេះត្រូវបានសង្គ្រោះ និងមានការលូតលាស់ល្អដែលខ្លះបានចេញផ្លែ និងខ្លះទៀតត្រូវបានច្រូតកាត់រួចរាល់៕





ប្រភព៖ ក្រសួងព័ត៌មាន