២នាក់ប្តីប្រពន្ធដែលរងរបួសធ្ងន់ក្នុងហេតុការណ៍បុ.ករះនៅក្រុងដូនកែវ ហើយពុំមានលទ្ធភាពបង់ថ្លៃព្យាបាល ត្រូវបានមន្ទីរពេទ្យលើកលែងការបង់ថ្លៃទាំងស្រុង
(ខេត្តតាកែវ)៖ ២នាក់ប្តីប្រពន្ធនៅក្នុងហេតុការណ៍បុករះនៅក្រុងដូនកែវ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ពុំមានលទ្ធភាពព្យាបាល ត្រូវបានមន្ទីរពេទ្យខេត្ត លើកលែងការបង់ថ្លៃទាំងស្រុង នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះលើទំនប់ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង ១៩ និង២០នាទី ដែលបណ្ដាលឱ្យប្ដីប្រពន្ធមួយគូរងរបួស។
ចំពោះអ្នករងរបួសទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ៖
១.ឈ្មោះអ៊ុត សុគ្រីត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជាប្តី មានអាសយដ្ឋាននៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុង ជូនកែវ ខេត្តតាកែវ មានរោគវិនិច្ឆ័យៈ ប៉ះទង្គិចពោះស្រាល និងបែកឆ្អឹងអង្គុញស្តាំបន្តិចផ្នែកខាងក្រោម។
២.ឈ្មោះ ធន យ៉ាត ភេទ ស្រី អាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធ មានរោគវិនិច្ឆ័យ បាក់ឆ្អឹងស្នងជើងឆ្វេងទាំងពីរផ្នែកខាងលើ។
ដោយមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងក្រុមគ្រូពេទ្យបានវះកាត់ឆ្អឹងបាក់បែក មានសមត្ថភាព និងលទ្ធភាព ព្យាបាលអ្នកជំងឺ ទាំងពីរ ដោយបច្ចុប្បន្នអ្នកជំងឺ ឈ្មោះ អ៊ុត សុគ្រីត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ដោយព្យាបាលរុំអបម្នាងសិលារយៈពេល ៤ទៅ ៦អាទិត្យ ។ អ្នកជំងឺ ឈ្មោះ ធន យ៉ាត ភេទ ស្រី អាយុ ២៨ឆ្នាំ ដោយព្យាបាលរុំអបម្នាងសិលាជើងខាងឆ្វេង បណ្តោះអាសន្ន ដោយរង់ចាំការវះកាត់តឆ្អឹង ដោយដាក់បញ្ចូលដែកដើម្បីភ្ជាប់ឆ្អឹង។ រីឯការទូទាត់ថ្លៃសេវា ខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានបញ្ជាក់ថា អ្នកជំងឺ ឈ្មោះអ៊ុត សុគ្រីត ភេទ ប្រុសបានទូទាត់ថ្លៃសេវាសម្រាកពេទ្យអស់ ១៥ម៉ឺនរៀល និងថ្លៃថត ហ្វីលវិទ្យុសាស្ត្រ ២ម៉ឺនរៀល ហ្វីលវិទ្យុសាស្ត្រ ២ម៉ឺនរៀល និងមិនទាន់បង់ថ្លៃសេវាសម្រាកពេទ្យទេ។ ក្នុងនោះផងដែរ អ្នកឈ្មោះ ធន យ៉ាត ភេទ ស្រី ថ្លៃថតហ្វីលវិទ្យុសាស្ត្រ ២ម៉ឺនរៀល មន្ទីរពេទ្យបង្អែកខេត្តតាកែវជាមន្ទីរពេទ្យមួយអនុវត្តសេវាហិរញ្ញប្បទានមានការទូទាត់ថ្លៃសេវាតាមរយៈ ការទូទាត់ថ្លៃសេវាផ្ទាល់ពីអ្នកជំងឺ បង់ថ្លៃសេវាជួសដោយរាជរដ្ឋាភិបាលចំពោះអ្នកមានប័ណ្ណមូលនិធិសមធម៌ និងអ្នកមាន ប័ណ្ណ ប ស ស ។
គួរបញ្ជាក់ផងដែរថា ក្រៅពីនោះមន្ទីរពេទ្យក៏មានការលើកលែងបង់ថ្លៃទាំងស្រុងជារៀងរាល់ខែដូចជា អ្នកជំងឺ ក្រីក្រដែល គ្មានប័ណ្ណមូលនិធិសមធម៌, ពិរុទ្ធជន,កុមារកំព្រា,ជនពិការ, ចាស់ជរាគ្មានទីពឹងជាដើម។ មន្ទីរពេទ្យក៏អាចដក លុយទូទាត់ថ្លៃសេវាជូនពួកគាត់វិញនៅពេលដែលពួកគាត់បានបង់សេវា ចំពោះអ្នកដែលបានរៀបរាប់ខាងលើប្រសិនបើមន្ទីរពេទ្យវាយតម្លៃថាពួកគាត់ពិតជាក្រីក្រមែន។ ចំពោះអ្នកជំងឺទាំងពីរខាងលើមន្ទីរពេទ្យនឹងដកលុយទូទាត់សេវាជូនពួកគាត់វិញ និងធ្វើការលើកលែងបង់ថ្លៃសេវាទាំងស្រុងពីមន្ទីរពេទ្យ៕



