រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីជូនដំណឹង ថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។

ដោយការរៀបចំពិធីបុណ្យ មាឃបូជា នេះដែរ នឹងមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ នៅក្នុងឆ្នាំនេះ ពិធីបុណ្យ មាឃបូជា នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
ចំពោះពិធីបុណ្យ មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗពីរយ៉ាងគឺ៖
១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖
-ព្រះសង្ឃសមណទូត ១ ២៥០ អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន
-ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា)
-ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦
-ថ្ងៃ១៥កើត ជាថ្ងៃពេញបូណ៌មីខែមាឃ។
២.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសកំណត់ព្រះជន្មាយុសង្ខារ។
ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការនិងសាសនា សូមធ្វើ ការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។
២. ត្រូវសហការជាមួយព្រះមេគណ អនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ការប្រជុំប្រកបដោយអង្គ៤ ទ្រង់សម្តែងឱវាទ បាតិមោក្ខ ទ្រង់កំណត់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនា កម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត៕


ប្រភព៖ ក្រសួងធម្មការនិងសាសនា