ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តព្រះសីហនុ នឹងមានប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចូលបម្រើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចំនួន ៦០កន្លែង

    BY soknita February 5, 2025
    ស្នងការនគរបាលខេត្តព្រះសីហនុ នឹងមានប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចូលបម្រើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចំនួន ៦០កន្លែង

    តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យចូលបម្រើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចំនួន ៦០កន្លែង។

    ដោយគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ៦០កន្លែង ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងកំពង់សោម នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

    ក- អំពីលក្ខខណ្ឌនៃការជ្រើសរើស

    – បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ

    – មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ

    – មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក

    – សុខភាពល្អនិងមាំមួន កាយសម្បទាគ្រប់គ្រាន់ និងឆ្លងកាត់ការត្រួតពិនិត្យកាយសម្បទាមុននឹង ផ្តល់ពាក្យសុំប្រឡង (ពិនិត្យអវយវៈ ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ ស្លាកស្នាម សាក់លើដងខ្លួន និងតេស្តរកសារធាតុញៀន)

    – បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់

    – មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

    ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ និងទីកន្លែង

    – ផ្តល់ពាក្យ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥

    – ទទួលពាក្យ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី

    – ទីកន្លែងផ្តល់និងទទួលពាក្យ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

    គ- អំពីវិញ្ញាសាប្រឡង

    ១- ចំណេះដឹងទូទៅ

    ២- ចំណេះដឹងទូទៅទាក់ទងនឹងកិច្ចការនគរបាល។

    ឃ- អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយ

    នៅពេលបេក្ខជនម្នាក់ៗ មកទទួលពាក្យប្រឡងប្រជែងឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងកំពង់សោមនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    – សញ្ញាបត្រឬលិខិតបញ្ជាក់ការសិក្សា (ច្បាប់ដើម) ១ច្បាប់

    – សេចក្តីចម្លងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) ១ច្បាប់

    – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ១ច្បាប់

    – សៀវភៅស្នាក់នៅនិង/ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ១ច្បាប់

    – លិខិតថ្កោលទោស (ពេលមកដាក់ពាក្យ) ១ច្បាប់៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post: