សៀវភៅ «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២» របស់ លោកជំទាវ ឱ វណ្ណឌីន បានចេញផ្សាយជាដំបូងនៅថ្ងៃនេះ
នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា សៀវភៅដែលមានចំណងថា «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២» ត្រូវបានសម្រេចចេញផ្សាយជាដំបូងនៅថ្ងៃនេះ ដោយ លោកជំទាវ បានបញ្ជាក់ថា សៀវភៅមួយនេះមានពីរភាសា គឺភាសាខ្មែរ (យកជាគោល) និងភាសាអង់គ្លេស (ជាការបកប្រែពីភាសាខ្មែរ) ដែលវាជាសៀវភៅទីពីររបស់លោកជំទាវ ដែលបានចំណាយពេលអស់បីឆ្នាំ (២០២២-២០២៤) ក្នុងការសរសេរចងក្រងឱ្យបានចេញជារូបរាងនាពេលនេះ។

ចំពោះសៀវភៅទី១ គឺ លោកជំទាវ បានបោះពុម្ភផ្សាយទៅតាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ហើយក៏ជាសៀវភៅដែលបានបង្កប់នូវរឿងរ៉ាវពិត ដែលបានកើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩ នៅកម្ពុជា និងជាសាកល ព្រមទាំងបានរៀបរាប់អំពីដំណើរបេសកកម្មពិសេសរបស់ លោកជំទាវ ឱ វណ្ណឌីន ជាមួយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងអំឡុងពេលរាតត្បាតវីរុសកូវីដ-១៩ ខ្លាំងក្លាបំផុត ដែលមានចំណងជើងថា «ធ្វើដំណើរជាង ២៥ ០០០ គីឡូម៉ែត្រ បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី»។

ដោយឡែក ការចងក្រងសៀវភៅទី២ វិញ គឺក្នុងគោលបំណងធ្វើកំណត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ ចែករំលែកនូវមេរៀន បទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចការជាស្ត្រីអ្នកនាំពាក្យ ឬបំពេញការងារជាអ្នកទំនាក់ទំនងហានិភ័យដែលត្រូវធ្វើជាចាំបាច់នៅក្នុងកាលៈទេសៈដ៏ប្រឈមបំផុតទៅនឹងការឆ្លងវីរុសកូវីដ-១៩ សម្រាប់អ្នកជំនាន់ក្រោយៗ ដែលចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ ដកស្រង់យកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ការងារឆ្លើយតបទៅនឹងជំងឺរាតត្បាតណាមួយដែលនឹងអាចកើតមាននាពេលអនាគត (ប្រសិនបើមានការផ្ទុះឡើង) ហើយដែលត្រូវតែមានការត្រៀមលក្ខណៈទុកជាមុន។ ជាមួយគ្នានោះដែរ ក៏ត្រូវបន្តវិនិយោគលើការពង្រឹងប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍន៍ធនធានមនុស្ស បង្កើតបាននូវភាពធន់នៃប្រព័ន្ធ និងធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាព និងបច្ចេកវិទ្យាទំនើប ក្នុងនោះ ក៏មានការជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាគោលការណ៍គ្រឹះនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដើម្បីលើកកម្ពស់សុខភាពប្រជាជនកាន់តែបានល្អប្រសើរឡើង និងមានអាយុកាលរស់នៅបានយូរអង្វែង។
សម្រាប់សៀវភៅទី២ មាន ៤៧៤៣ ទំព័រជាភាសាខ្មែរ និង ៣៦៧០ ទំព័រជាភាសាអង់គ្លេសនេះ ខ្ញុំសូមចែករំលែកពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការរាតត្បាតនៃវីរុសកូវីដ-១៩ ដោយរៀបរាប់លម្អិតផងដែរអំពីចំនួនអ្នកឆ្លង និងអ្នកដែលបានបាត់បង់ជីវិតដោយសោកនាដកម្មនាពេលនោះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ លោកជំទាវ ឱ វណ្ណឌីន ជឿថាកំណត់ត្រាទាំងនេះ មិនត្រឹមតែបម្រើជាសក្ខីភាពនៃការតស៊ូប្តូរផ្តាច់រួមគ្នារបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សាជំពូកនៃប្រវត្តិសាស្ត្រជំងឺរាតត្បាតនៅកម្ពុជាផងដែរ ហើយក៏ជាពេលមួយដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់យើងទាំងអស់គ្នាចាប់តាំងពីជំងឺដ៏កាចសាហាវនេះ ចាប់ផ្តើមផ្ទុះឡើងនាឆ្នាំ ២០២០ មក៕




ប្រភព៖ Dr. Or Vandine