ស្វែងយល់ឱ្យកាន់តែច្បាស់នូវពាក្យ «អេតាស៊ីវិល» ដើម្បីកុំអោយមានការភ័ន្តច្រឡំបន្តទៀត
យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល ៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណៈភាព ដែលទាំងនេះគឺជាបណ្ដុំ ឬចំណែកអត្រានុកូលដ្ឋាន ឬដែលគេហៅថាអេតាស៊ីវិល។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា «ភាគច្រើនខ្ញុំតែងឃើញថា ប្រជាពលរដ្ឋខ្មែរនៅពេលទៅចុះសំបុត្រអាពាហ៍ពិពាហ៍បែរជានិយាយថា ខ្ញុំមិនបានចុះអេតាស៊ីវិលទេ ពេលទៅចុះអេតាស៊ីវិល បែរជានិយាយថា ខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅវិញ ធ្វើឱ្យមានការយល់ច្រឡំពេញហ្នឹង»។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋគួរតែប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យមានការភ័ន្តច្រឡំ។ បើសំបុត្រកំណើតហៅថា សំបុត្រកំណើត បើសំបុត្រអាពាហ៍ពិពាហ៍ ហៅថាសំបុត្រអាពាហ៍ពិពាហ៍ ហើយសំបុត្រមរណៈភាព ហៅថាសំបុត្រមរណៈភាព។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទើបតែមានយន្តការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនៅឆ្នាំ ២០០២ ចាប់តាំងពីកម្ពុជា មានក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងនោះដែរ ពីមុនមកការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋក៏មានការយល់ដឹងបានច្រើនពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍បានគូស្វាមី ភរិយាត្រូវទៅចុះនៅឃុំ សង្កាត់ ប៉ុន្តែនៅពេលដែលលែងលះ ត្រូវអនុវត្តនៅតុលាការ៕

ប្រភព៖ ក្រសួងមហាផ្ទៃ