នាយកដ្ឋានសិល្បៈ រៀបចំពិធីសំពះគ្រូ សុំពរជ័យ ក្នុងការស្រាវជ្រាវ និងដំឡើងស្នាដៃថ្មី រឿង «សុរិយឃាដ និងច័ន្ទឃាដ»
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី រៀបចំពិធីសំពះគ្រូ សុំសេចក្តីសុខចម្រើនក្នុងការដំឡើងទស្សនីយភាព ល្ខោនអាប៉េរឿង «សុរិយឃាដ និងច័ន្ទឃាដ» នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ ដោយនាយកដ្ឋានសិល្បៈទស្សនីយភាព ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងការស្រាវជ្រាវ និងដំឡើងស្នាដៃថ្មី រឿង «សុរិយឃាដ និងច័ន្ទឃាដ»។

បើតាមអ្នកជំនាញបានឲ្យដឹងថា ល្ខោនអាប៉េមាន ៣ប្រភេទ៖
១. ល្ខោនអាប៉េក្នុងវាំង
២. ល្ខោនអាប៉េក្រៅវាំង
៣. អាប៉េស្ទៀង
ល្ខោនអាប៉េក្រៅវាំង គឺជាទម្រង់ល្ខោនមួយដែលមានតួសម្តែងសុទ្ធតែជាបុរស បែបក្រមិចក្រមើម កំប្លុកកំប្លែង ស្ទើរគ្រប់តួអង្គសម្តែង ជាពិសេសគឺតួត្លុក។ ជាទម្រង់សិល្បៈដ៏សាមញ្ញា និងទូលំទូលាយនេះ អាចដកស្រង់យករឿងព្រេងបុរាណមកសម្តែងក៏បាន រឿងកំប្លុកកំប្លែង និងរឿងសម័យបច្ចុប្បន្នក៏បាន គឺអាស្រ័យទៅលើទេពកោសល្យ និងភាពប៉ិនប្រសប់របស់អ្នកនិពន្ធ។
ល្ខោនអាប៉េ ជាឈ្មោះសិល្បករដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពម្នាក់របស់ខ្មែរ រាល់ការសម្តែងរបស់គាត់ប្រជាជនតែងតែចូលចិត្ត គាំទ្រ និងស្ងើចសរសើរ រួចក៏បានជាប់មាត់ហៅឈ្មោះគាត់ជាទម្រង់សិល្បៈបែបនេះរហូតមកដល់សម័យបច្ចុប្បន្ន ។
ដោយកត្តារីកចម្រើននៃសម័យបច្ចេកវិទ្យា ទម្រង់សិល្បៈមួយនេះបានបាត់វត្តមានពីទស្សនិកមួយរយៈធំ ពោលគឺស្ទើរតែបាត់ទម្រង់នេះតែម្តង។ ក្រោយមកដោយការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព បានខិតខំស្រាវជ្រាវ ប្រមែប្រមូលចងក្រងឯកសារដំឡើងជាស្នាដៃទស្សនីយភាព ដើម្បីធ្វើឲ្យទម្រង់សិល្បៈមួយនេះមានសកម្មភាពឡើងវិញ៕


ប្រភព៖ នាយកដ្ឋានសិល្បៈទស្សនីយភាព