PR

អបអរសាទរទិវានៃក្តីស្រលាញ់ជាមួយយុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈា.ម” ពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស

BY
Liny01
February 14, 2025

នាពេលថ្មីៗនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ដើម្បអបអរសាទរទិវានៃក្តីស្រលាញ់ ដែលបានរៀបចំនៅ Hanuman VIP Lounge នៃផ្សារទំនើប អ៊ីអនម៉ល សែនសុខ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរៀបចំយុទ្ធនាការបរិច្ចាគឈាម។ សម្រាប់ឆ្នាំ២០២៥នេះ យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” បានធ្វើការបើកទទួលអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាសាធារណៈ ដែលមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមប្រមាណជាង ៥០០នាក់ ព្រមជាមួយនឹងវត្តមាន លោក ថេ ណា ទូតសុឆន្ទៈ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសផងដែរ។

សម្រាប់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ទាំងអស់ទទួលបាននូវកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ហើយកាន់តែពិសេស ក្រុមហ៊ុន បានផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏វិសេសវិសាល ដល់អ្នកស្ម័គ្រចិត្តដែលមានសំណាងជាងគេក្នុងថ្ងៃនោះ នូវមាសសុទ្ធទម្ងន់ ១ជី ចំនួន២រូប។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី តាំង ណាគ្រី ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងតំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ថ្ងៃនេះ ពិតជាវេលាដ៏វិសេសវិសាលមួយ ដែលយើងទាំងអស់គ្នា បានចូលរួមធ្វើការស័គ្រចិត្ត ក្នុងយុទ្ឋនាការដ៏មានគុណតម្លៃបំផុត គឺការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលបង្ហាញពីទង្វើសប្បុរសធម៌ដ៏ថ្លៃថ្លាចំពោះបងប្អូនរួមជាតិជាច្រើននាក់ ដែលបាននិងកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីបន្តជីវិត។ យុទ្ធនាការឆ្នាំនេះ គឺជាឆ្នាំទី៣ នៃយុទ្ធនាការនេះ យើងក៏ទទួលបានលទ្ឋផលវិជ្ជមានលើសពីការ រំពឹងទុក ដោយអ្នកចូលរួមកើនរហូតដល់ ៥០០នាក់ ធៀបនឹងឆ្នាំទៅ គឺលើសផែនការរំពឹងទុកផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម»  ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា។”

 

យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមធ្វើការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមអោយបានច្រើនឡើងៗ ។ ការស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាម គឺជាការបរិច្ចាគដែលចេញពីបេះដូងយ៉ាងពិតប្រាកដ ព្រោះឈាម ពិតជាមានតម្លៃខ្លាំង នឹងមិនមានរោងចក្រណាអាចផលិតឈាមបានឡើយ។

ជាចុងបញ្ចប់នៃកម្មវិធី លោកស្រី តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសបានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់អ្នក ដែលមិនទាន់បានធ្វើការស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្ត ដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តធ្វើការបរិច្ចាគឈាមបន្ថែមទៀត ដើម្បីចូលរួមចែករំលែកក្តីស្រលាញ់តាមរយៈយុទ្ធនាការដ៏មានគុណតម្លៃមួយនេះ៕

Share This Post: