និយ័តករទូរគមនាគមន៍កម្ពុជា បានរុះរើឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា ដែលបង្កការឆ្លងរំខានដល់សេវាទូរសព្ទចល័ត ចំនួន៣៣៧គ្រឿង នៅក្នុងទីតាំងបុរីពិភពថ្មីចំការដូង
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ចប់ការរុះរើឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា (Booster/Repeater) ដែលបង្កការឆ្លងរំខានដល់សេវាទូរសព្ទចល័ត នៅក្នុងទីតាំងបុរីពិភពថ្មី (គម្រោងចំការដូង១ គម្រោងចំការដូង២ និងគម្រោងចំការដូង៣) ។

តាមការបញ្ជាក់របស់ និយ័តករទូរគមនាគមន៍កម្ពុជា ថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានបញ្ចប់ទាំងស្រុងការរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា ((Booster/Repeater) ចំនួន ៣៣៧គ្រឿង នៅក្នុងទីតាំងបុរីពិភពថ្មី ក្នុងគម្រោងចំការដូង១ គម្រោងចំការដូង២ និងគម្រោងចំការដូង៣ ក្នុងរាជធានីភ្នំពេញ។ ក្រោយពីការរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) យើងសង្កេតឃើញថាបានធ្វើឱ្យវិសាលភាពគ្របដណ្តប់និងកម្រិតគុណភាពនៃសេវាមានភាពល្អប្រសើរជាងមុន។
ក្រុមការងារ ន.ទ.ក. នឹងបន្តអនុវត្តផែនការចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) នៅក្នុងទីតាំងបុរី អារ៉ាតា ហ្កាដិនរ៉េស៊ីឌិនស៍ ដែលស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយ៕






ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា