រដ្ឋបាលខេត្តសៀមរាប នឹងបិទកំណាត់ផ្លូវលេខ២៦ និងកំណាត់ផ្លូវអាចារ្យស្វា នៅថ្ងៃទី ២៣ ខែកុម្ភៈ ខាងមុខនេះ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការបញ្ចៀសចរាចរលើកំណាត់ផ្លូវលេខ២៦ និងកំណាត់ផ្លូវអាចារ្យស្វា ដើម្បីរៀបចំកម្មវិធីពិព័រណ៍ផ្សារផលិតផលកម្ពុជារបស់សហគមន៍ភូមិវត្តបូព៌ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងសេចក្ដីជូណដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយ ទីភ្នាក់ងារ អាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) សហគមន៍ភូមិវត្តបូព៌ ក្រុមសិល្បករតុក្កតាយក្ស និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារផលិតផលកម្ពុជា ស្ថិតនៅលើកំណាត់ផ្លូវលេខ២៦ ចាប់ពីចំណុច ប្រសព្វផ្លូវអាចារ្យហែមចៀវ រហូតដល់មាត់ស្ទឹងសៀមរាប និងកំណាត់ផ្លូវអាចារ្យស្វា ចាប់ពីចំណុចកែងនឹង ផ្លូវលេខ២៦ រហូតដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានសកម្មភាពជាច្រើន ដូចជា ការរៀបចំសិក្ខាសាលា ការប្រគំតន្ត្រី ការសម្តែងសិល្បៈផ្សេងៗ ការតាំងលក់ផលិតផលសិប្បកម្ម និងការគូរគំនូរកុមារជាដើម ដោយមានការចូលរួមទស្សនាកម្សាន្តដោយសេរីពីសាធារណជនផងដែរ ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ២២:០០នាទីយប់។
ដូចនេះ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងចៀសវាងការកកស្ទះចរាចរ ក្នុងអំឡុងការរៀបចំកម្មវិធីខាងលើនេះ រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្ននៅកំណាត់ផ្លូវខាងលើ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ៕



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប