សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ចំពោះករណីដែលគ្រូពេទ្យរូបណា មិនយកចិត្តទុកដាក់នៅពេលប្រើប្រាស់ប័ណ្ណណាមួយ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណា មិនយកចិត្តទុកដាក់នៅពេលប្រើប្រាស់ប័ណ្ណណាមួយ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។

សម្ដេចបវរធិបតី បានមានប្រសាសន៍លើកទឹកចិត្តខាងលើនេះ នៅក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ » នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ចំពោះករណី ដែលគ្រូពេទ្យរូបណាដែលមិនយកចិត្តទុកដាក់នៅពេលប្រើប័ណ្ណណាមួយ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។ កិច្ចការងារនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅលើឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការងារ ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ តម្លៃនៃកម្មពិធីគាំពារសង្គម មិនមែនស្ថិតនៅលើទិន្នន័យ ឬ តម្លៃនៃចំនួនថវិកាយើងចាយទេ តម្លៃពិតប្រាកដគឺ ប្រជាពលរដ្ឋដែលអ្នកទទួផល ជាអ្នកផ្ដល់ឱ្យអ៉ីចឹងការគិតគូរ អំពីគុណភាពសេវាជាកិច្ចការចាំបាច់។ គុណភាពសេវាបានន័យថា លទ្ធផលនៃការព្យាបាលទាំងថ្នាំ ទាំងឧបករណ៍ ទាំងកន្លែង បានល្អ ដែលយើងដាក់ទិដៅនៅក្នុងការពង្រឹង មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលជាតួអង្គជួរមុខនៅតាមខេត្ត បូកជាមួយការទទួលខុសត្រូវរបស់ដៃគូ នៅក្នុងវិស័យឯកជន ទាំងពេទ្យដែលផ្ដល់ឱ្យនេះ។ ទីពីរ គឺការពង្រឹងក្រមសីលធម៌ កុំឱ្យមានរឿងថា អ្នកកាន់ បសស ទៅ គេអត់យកចិត្តទុកដាក់ ត្រូវធ្វើយ៉ាងម៉េច កុំឱ្យមានការរើសអើងឱ្យសោះ។ ពេទ្យរដ្ឋយើង ដាច់ខាត ហើយបើពេទ្យឯកជន ក៏ត្រូវអនុវត្តតាមអភិក្រម នៅក្រោមសីលធម៌ វិជ្ជាជីវៈទៅហើយដែលថា មិនត្រូវរើសអើង មនុស្សមានថវិកា ឬ គ្មានថវិកា តែក៏មិនត្រូវរើសអើងអ្នកដែលទៅបង់លុយ និងអ្នកកាន់ប័ណ្ណ បសស និងអ្នកកាន់ប័ណ្ណសមធម៌ ត្រូវគិតគូរប្រជាពលរដ្ឋម្នាក់ជាមនុស្សមួយរូប ដែលត្រូវការការព្យាបាលដូចគ្នា។ តម្លៃ គឺនៅត្រង់ហ្នឹង មិនមែនតម្លៃថា កញ្ចប់ហ្នឹងច្រើនប៉ុណ្ណាទេ តម្លៃគឺថាគាត់ទៅបានសេវាទាន់ពេលវេលា មានការយកចិត្តទុកដាក់ ហើយគាត់បានជាសះស្បើយ នេះហើយគឺជាអ្វីដែលត្រូវយកចិត្តទុកដាក់ជាអាទិភាពសំខាន់ »៕





អត្ថបទ៖ លីនី