ក្រសួងព័ត៌មាន ជូនដំណឹងពី ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធ ទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន ប្រចាំឆ្នាំ២០២៣ (Full Scale Airport Emergency Exercise AIRPEX-23) ចាប់ពីម៉ោង ៧:០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។ លំហាត់សមយុទ្ធនេះ រៀបចំឡើង ដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។

ការធ្វើលំហាត់សមយុទ្ធខាងលើនេះ ក៏នឹងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គីភ័យដែលមានទីតាំងនៅក្នុងរាជធានី ភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធនេះ។
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមយកព័ត៌មានក្នុងកម្មវិធីខាងលើ សូមទំនាក់ ទំនងចុះឈ្មោះតាមរយៈទូរស័ព្ទលេខ៖ ០៩២ ១៦៨ ៦០០ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប និងសូមកុំមានការព្រួយបារម្ភ៕

ប្រភព៖ ក្រសួងព័ត៌មាន