អង្គភាពស៊ីម៉ាក់បានទទួលការលើកលែងពីរដ្ឋាភិបាលអាមេរិកឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរថា “ខ្ញុំសូមជម្រាបជូនដំណឹងថា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ (ត្រូវនឹងថ្ងៃទី ១៩នៅសហរដ្ឋអាមេរិក) អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់”។

ឯកឧត្តមបន្តថា “ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕





ប្រភព៖ ក្រសួងព័ត៌មាន