រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៧៖០០ នាទីព្រឹក រហូតដល់ ១២:០០ ថ្ងៃត្រង់។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូន សាធារណជនទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មេត្តាជ្រាបថា៖ ដោយយោងទៅតាមច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាស យានដ្ឋានអន្តរជាតិ (Airport Emergency Plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise) រៀងរាល់ពីរឆ្នាំម្តង ដើម្បីធានាបាននូវពេលវេលាឆ្លើយតបការទំនាក់ទំនង សាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។ ដូច្នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៧៖០០ នាទីព្រឹក រហូតដល់ ១២:០០ ថ្ងៃត្រង់។
លំហាត់សមយុទ្ធនេះ នឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្នុងនោះផងដែរក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពី អាជ្ញាធរដែនដី សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាស យានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប និងជួយសម្រួល ដល់ការចល័តរបស់រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ក្នុងការធ្វើសមយុទ្ធខាងលើនេះ៕





