ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ សហការរៀបចំ “សៀវភៅ ស អង្គរ” ដើម្បីពង្រឹងសាមគ្គី សំដៅរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

    BY soknita February 21, 2025
    ក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ សហការរៀបចំ “សៀវភៅ ស អង្គរ” ដើម្បីពង្រឹងសាមគ្គី សំដៅរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នោថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានរួមគ្នាដឹកនាំ កិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

    តាមប្រភពព័ត៌មានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងស្មារតីឯកភាពជាតិ គ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ប្រកបដោយការទទួលខុសត្រូវលើអនាគតតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរនោះគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព។

    ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “សៀវភៅ ស អង្គរ” ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ។

    ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងភូមិទាំង ១១៤ ព្រមទាំងគិតគូរលើការងាររៀបចំកែលម្អទីតាំងអាទិភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងលក់ដូរសម្រាប់ប្រជាពលរដ្ឋ។

    កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay