ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ ពិសេសយុវជន កុំយកបណ្តាញសង្គមជាវេទិកាជេរប្រមាថគ្នា

    BY Liny01 March 6, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ ពិសេសយុវជន កុំយកបណ្តាញសង្គមជាវេទិកាជេរប្រមាថគ្នា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនថា Facebook ឬ TikTok ក្តី ធ្វើជាវេទិកាជេរប្រមាថគ្នា ខណៈពេលដែលមានអ្វីកើតឡើង មិននិយាយគ្នាដោះស្រាយបញ្ហា បែរជាយកទៅដាក់លើបណ្តាញសង្គម បង្កការស្មុគស្មាញដល់អ្នកដទៃ ។

    ក្នុងឱកាសអញ្ជើញជាអធិបតី “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល​ ជាមួយសិល្បករសិល្បការិនីទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមានរឿងអ្វីបន្តិច​បន្តួចរវាងគ្នានឹងគ្នា ត្រូវរួមគ្នាដោះស្រាយភ្លាមៗឱ្យបានឆាប់ កុំបាច់រំខានអ្នកដទៃ ឬពឹងពាក់ស្វះស្វែងរកអន្តរាគមន៍ ពីអ្នកដទៃនោះឡើយ ។

    សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជន ការប្រើប្រាស់ប្រព័ន្ធ Social Media ការប្រើប្រាស់ Facebook ការប្រើប្រាស់ TikTok ជាមធ្យោបាយល្អ ក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមពិចារណា សូមកុំឱ្យយកឧបករណ៍ ទៅជាមិត្តជិតស្និទ្ធរបស់យើង ដែលយើងផ្តាច់ទំនាក់ទំនងការនិយាយគ្នា ជាមួយអ្នកដែលនៅជុំវិញខ្លួនយើង ជាពិសេសពេលដែលមានហេតុការណ៍ យើងលែងនិយាយគ្នា ដោះស្រាយបញ្ហា សូមឱ្យប្រកាន់នូវអភិក្រម មានអ្វីនិយាយគ្នា ដោះស្រាយគ្នា រួមគ្នាខ្មែរជាខ្មែរទៅ” ។

    ការលើកឡើងរបស់សម្តេចធិបតី ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសម្តេចចាត់ទុកជារឿងចាំបាច់ ខណៈដែលបានកើតឡើង និងបានឃើញរាល់ថ្ងៃនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។

    សម្តេចធិតី បន្ថែមថា “ហើយរឿងខ្លះ អត់ធំសោះ តែវិវត្តន៍ទៅជាធំ ដោយអ្នកពាក់ព័ន្ធមិននិយាយគ្នា ឈ្នះរៀងៗខ្លួនទីបំផុត គឺធ្វើឱ្យមហាជនកាន់តែវល់ កាន់តែស្មុគស្មាញអារម្មណ៍ផ្លូវចិត្ត ឃើញតែរឿងប្រទាក់ក្រឡាគ្នា ហើយពេលខ្លះ ជេរដល់ទៅរាជរដ្ឋាភិបាលទៅទៀត អត់ទាំងដឹងអីផង” ។

    សម្តេចធិបតី ក៏បានសូមយកឱកាស ដែលពាក់ព័ន្ធសិីលធម៌ និងវប្បធម៌ ដែលជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយឱ្យចូលរួមថែរក្សាអំពីវប្បធម៌​ នៃការប្រាស្រ័យទាក់ទងគ្នា ការនិយាយគ្នា រវាងប្រជាជន និងប្រជាជន ដោយកុំជេរគ្នា មានអ្វីនិយាយគ្នា កុំដាក់តាម Facebook ឱ្យអ្នកមិនដឹងរឿងមកក្តៅក្រហាយជាមួយ ដោយត្រូវនិយាយគ្នាដោះស្រាយជាមួយគ្នា រកវិធីនិយាយគ្នា ឱ្យឆាប់បញ្ចប់រឿងដោយការយោគយល់គ្នា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: